ដោយ វុត្ថា
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនឹងចាប់ផ្តើមអនុវត្តបិទ Casino Online នៅត្រឹម ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០:០០ ស្រមតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ។

លោកគួច ចំរើន អភិបាលខេត្ត ព្រះសីហនុ នៅក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាការធ្វើអាជីវកម្មកាស៊ីណូអនឡាញ ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២៤ ខែធ្នូ ម្សិលមិញនេះបានមានប្រសាសន៍ថា ដោយអនុវត្តតាមចរាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានល្បែងអនឡាញនៅព្រះរាជា ណាចក្រកម្ពុជា គិតត្រឹមម៉ោង០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ នេះ។
លោកបន្តថា ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមសហការ ដើម្បីត្រួតពិនិត្យ តាមដាននូវរាល់កាស៊ីណូទាំងឡាយណា នៅតែបន្តបើកល្បែងអនឡាញដូច្នេះយើងត្រូវធ្វើការជូនដំណឹងដល់កាស៊ីណូក្នុងក្រុង ស្រុក ទាំង អស់ដែលមានល្បែងអនឡាញត្រូវបិទ មិនអនុញ្ញាតិបើកបន្តទៀតទេ ប្រសិនបើកាស៊ីណូ ឬកន្លែងណានៅតែបើកល្បែងអនឡាញ និងទទួលខុសត្រូវតាមផ្លូវច្បាប់ ។
លោកបន្ថែមថា សម្រាប់កាស៊ីណូធម្មតា នៅបន្តរដំណើរការធម្មតា ហើយអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ជួយដល់វិនិយោគទុន តាមគ្រប់រូបភាព ថ្វីត្បីក្នុង កាលៈទេសៈ ដល់លំបាកនេះ យើងក៏ត្រូវយកចិត្តទុកដាក់លើកទឹកចិត្តដល់អ្នក វិនិយោគទនផងដែរ។
ទន្ទឹមនោះ លោកអភិបាលខេត្តរូបនេះ ក៍បានណែនាំដល់មន្ត្រីគ្រប់ផ្នែក មិនត្រូវទៅរំខាន ឬបំភ័យដល់ជនបរទេស គឺត្រូវយកចិត្តដល់អ្នកវិនិយោគបរទេស និងខ្មែរ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការមកវិនិយោគនៅខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជកម្ម មាន ប្រសាសន៍ថា ដើម្បីអនុវត្តតាមសេច ក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ យើងត្រូវប្រើប្រាស់វិធានការ២ ក្នុងនោះ វិធានការរដ្ឋ បាល ទាមទារយើងមានទិន្នន័យ ទីតាំងល្បែងអនឡាញ ក្នុងសង្កាត់ ក្រុង ស្រុកនិមួយៗ និងផ្អែកលើសេចក្តីសម្រេចបិទរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការជូនដំណឹងជាសាធា រណៈគ្រប់ទីតាំងកាស៊ីណូ ដើម្បីបិទបញ្ចប់ជាស្ថាពរល្បែងអនឡាញនៅត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ក្រោយពីសេច ក្តីជូនដំណឹងមន្ត្រីយើងនឹងចុះត្រួត ពិនិត្យទីតាំងនៅក្នុងក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ៕






