ដោយ ប៊ី
ភ្នំពេញៈ ម្ចាស់រោងចក្រដែលមានមូលដ្ឋាន នៅទីក្រុងស៊ាងហៃ និងអ្នកនាំចេញកង់ធំជាងគេមួយនៅប្រទេសចិន លោក Ge Lei បានគ្រោងបើករោងចក្រនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកម្លាំងពលកម្មទាប និងជៀសវាងពន្ធរបស់អាមេរិក។

លោក Ge គ្រោងនឹងបើករោងចក្រមួយនៅកម្ពុជា ដែលនឹងធ្វើឱ្យលោកមិនត្រឹមតែទាញយកប្រយោជន៍ពីកម្លាំងពលកម្មទាប និងជៀសវាងពន្ធរបស់អាមេរិកលើផលិតផលចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យគាត់នូវឱកាសចូលទីផ្សារអឺរ៉ុបផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍កាសែតចិន South China Morning Post ចេញផ្សាយនៅថ្ងៃនេះ។
លោក Ge បាននិយាយថា “មិនមានអ្វីប្រាកដទេនៅចុងបញ្ចប់នៃឆ្នាំ ដ៏លំបាកនេះ លើកលែងតែការសម្រេចចិត្តរបស់គាត់ ក្នុងការវិនិយោគនៅឯនាយសមុទ្រ។ សំណួរគឺថាតើផលិតកម្មត្រូវរើចេញពីប្រទេសចិន និងចូលមកប្រទេសកម្ពុជាយ៉ាងដូចម្តេច”។
កម្ពុជានៅតែជាអ្នកផ្គត់ផ្គង់កង់ធំជាងគេ ទៅកាន់សហភាពអឺរ៉ុបក្នុងឆមាសទី១។ នៅក្នុងឆមាសទី១ នៃឆ្នាំនេះវិស័យនេះបានផលិត និងនាំចេញកង់ចំនួន ៨៣៥,០០០ទៅសហភាពអឺរ៉ុប។
ប្រទេសកម្ពុជាដែលមានតម្លៃកម្លាំងពលកម្មទាប បាននិងកំពុងបង្កើនសក្តានុពលរបស់ខ្លួន ប្រែក្លាយជាមូលដ្ឋានផលិតកម្ម ជំនួសមួយសម្រាប់ចិនសម្រាប់សម្លៀកបំពាក់ និងផលិតផលផ្សេងទៀត។
ប្រការនេះ នាំឱ្យមានការកើនឡើងការនាំចេញទៅអាមេរិក ដែលមានចំនួនជាង ២,២ពាន់លានដុល្លារគិតពីខែមករា ដល់មិថុនា ដែលកើនជាង ៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច ប្រទេសកម្ពុជាមានគុណប្រយោជន៍ លើពន្ធទាបនៅពេលនាំចេញទៅអាមេរិក និងជប៉ុន៕






