ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងសមត្ថកិច្ចថ្នាក់ក្រោមជាតិបានអនុម័តគំរោងសាងសង់បានចំនួនជាង ៤០០០គំរោង កើនឡើង ៧៨ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញក្នុងសន្និបាតបូកសរុបការងារក្រសួងឆ្នមាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ខាងមុខកាលពីព្រឹកថ្ងៃទី២៥ ធ្នូកន្លងមកថា ក្នុងឆ្នាំ២០១៩នេះ ទិន្នន័យសំណង់ ទូទាំងប្រទេសមានចំនួន៤,៤៤៦គម្រោង ដោយមានទំហំទុនវិនិយោគជាង៩៣០០លានដុល្លារ ដែលកើនឡើងប្រមាណ៧៨,៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
របាយការណ៍បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសចំនួន ៤,៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន១៨,៥៤០,៨៧៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ៩,៣៥៣,៦៩៧,៤៧៥ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានចំនួន២,៨៦៧គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់១១,៤២៧,១៩០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ៥,២២៨,៩៩២,៥២២ដុល្លារ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជាចាប់ពី៥ជាន់ឡើង មានចំនួន១៤៣២គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុ មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន២០៣អគារ) ក្នុងនោះពី៥ជាន់ទៅ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន៥៧អគារពី៣០ជាន់ ទៅ៣៩ជាន់មានចំនួន២៣អគារពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។
របាយការណ៍ដដែលបានបន្តទៀតថា គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតិ សាងសង់នៅទូទាំងប្រទេសចំនួន៤៨,០០៤គម្រោង ផ្ទៃក្រឡា កម្រាលសំណង់សរុបចំនួន១៣១លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៥១,០៣៥,១២៤,៤៥១ដុល្លារ។ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងនៅទូទាំងប្រទេសមានចំនួន១,៦២៤អគារ (ក្នុងនោះអគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៩ជាន់មានចំនួន៨៧២អគារ អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៤៦១អគារ អគារចាប់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន១៥៦អគារ អគារចាប់ពី៣០ជាន់ទៅ ៣៩ជាន់ មានចំនួន៩៥អគារ អគារចាប់ពី៤០ជាន់ ឡើងមានចំនួន៤០អគារ។

ដោយឡែកនៅខេត្តព្រះសីហនុ មានអគារចាប់ពី៥ជាន់ឡើងទៅ មានចំនួន២៣៨អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី មានចំនួន២៩៨គម្រោង និងលំនៅឋាន មានលក្ខណៈជាអគារសហកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មានចំនួន ២២,២៦៩ ចំណែកឯកជន៕






