ដោយ វុត្ថា
ប្រទេសចិនៈ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ។

ចូលរួមជាអធិបតីក្នុងពិធីនោះ លោក យឹម ឆៃលីឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។
លោកបន្តថា “ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌”។លោកបន្តថា វានឹងក្លាយជាមជ្ឈមណ្ឌល ដែលជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅ ពីផលិតផលនាំចេញសក្ដានុពល បរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាវប្បធម៌ និងទិសដៅទេសចរណ៍នៃប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់ប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងជាលំដាប់។ ជាក់ស្ដែងនៅឆ្នាំ២០១៨ យើងសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួន៦,៥ ពាន់លានដុល្លារ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ៥,៦ពាន់លានដុល្លារ។
ក្នុងឆ្នាំ២០១៩នេះដែរ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ នឹងកើនឡើងដល់ចំនួន៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន២៧%ធៀបនឹងឆ្នាំ២០១៨។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឱ្យដឹងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ ដោយកម្ពុជាបានបើកមជ្ឈមណ្ឌលបែបនេះ ចំនួនប្រាំរួចមកហើយនៅទីក្រុងក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និងយានថាយ។

លោកបន្តថា ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងប្រាំមួយ ក៏ដូចជាកិច្ចព្រមព្រៀង ដែលកម្ពុជាមានរួចមកហើយជាមួយនឹងចិន កម្ពុជា និងចិន ក៏នឹងពិនិត្យលទ្ធភាពដើម្បីឈានទៅដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីក្នុងឆ្នាំ២០២០ ខាងមុខ ដោយទាំងអស់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ ក៏ដូចជាបង្កើតនូវផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជននៃប្រទេសទាំងពីរ៕






