រដ្ឋាភិបាល​គ្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ពន្ធ​អា​កទាក់ទិន​នឹង​វិស័យ​វាយនភណ្ឌ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់ចំណូល​និង​ពន្ធ​អា​កនានា​ ទាក់ទិន​នឹង​សកម្មភាព​ កាត់ដេរ​ និង​តម្រឹម​” របស់​គម្រោង​វិនិយោគ​មាន​ លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​។

លោក​ ឆាយ​ ជា​ហេង​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានឱ្យ​ដឹង​នៅក្នុង​ វេទិកា​ពន្ធដារ​កាលពី​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ថា​ ការរៀបចំ​វេទិកា​ពន្ធដារ​នៅពេល​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ និង​ពង្រឹង​កាតព្វកិច្ច​សារពើពន្ធ​ សម្រាប់​សហគ្រាស​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ ឱ្យ​បំពេញ​កាតព្វកិច្ច​ សារពើពន្ធ​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ និង​ បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ចៀសវាង​នូវ​កំហុសឆ្គង​ដោយ​ប្រការ​ ណាមួយ​ ដែល​អាច​រង​នូវ​ការ​ផាកពិន័យ​ឬទោសទណ្ឌ​នានា​។

លោក​បន្ត​ថា​ វេទិកា​នា​ព្រឹក​នេះ​ ត្រូវ​បាន​រៀបចំឡើង​នៅក្នុង​បរិបទ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​ លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជាពិសេស​ឆ្លើយតបទៅនឹង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ២០១៥២០២៣​ ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​មិន​បង្កើន​អត្រាពន្ធ​ ឬបង្កើត​ពន្ធ​ថ្មី​ដោយ​ត្រូវ​ពង្រឹង​ច្បាប់​និង​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​មានស្រាប់​ និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​អស់​សក្តា​នុ​ពល​។

លោក​អនុប្រធាន​បាន​បញ្ជាក់​បន្ថែម​ថា​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​ជាច្រើន​ដែល​មាន​ដូចជា​ ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​តាម​អន​ឡាញ​ (E-VAT​ System​) ដែល​ទើប​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩​ និង​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​ពន្ធ​ តាម​អន​ឡាញ​ (E-Filing​) នៅ​ឆ្នាំ២០២០​ ក្នុង​គោលបំណង​សម្រួល​ដល់​អ្នកជាប់ពន្ធ​ក្នុង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ កាត់បន្ថយ​ពេលវេលា​ និង​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្ថែម​ថា​ ជាក់ស្តែង​ នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​បាន​សហការ​រៀបចំ​វេទិកា​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​-សហគ្រាស​ដែល​ជាស​មា​ជិ​កស​មា​គម​ស្បែកជើង​កម្ពុជា​ (CFA​) ឱ្យ​អនុវត្ត​មាន​តម្លាភាព​ប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព​ ស្របតាម​ច្បាប់​និង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​ ក្នុង​គោលដៅ​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន​គ្រប់​ និង​លើស​ផែនការ​ដែល​កំណត់ដោយច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here