ដោយ Donald Lee
ភ្នំពេញ៖ ទីផ្សារភាគហ៊ុននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍កំពុងតែកើនឡើងខ្ពស់ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ ត្រូវបានបញ្ចប់ និងបញ្ចប់សង្គ្រាមពន្ធគយអស់រយៈពេលជាងមួយឆ្នាំដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ស្ថិតក្នុងភាពគ្រោះថ្នាក់។
ទីផ្សារភាគហ៊ុនអាស៊ាននៅតែមានសន្ទុះកើនឡើងនៅថ្ងៃ សុក្រ នេះ ដោយទីផ្សារឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីនកំពុងឡើងដល់កម្រិតខ្ពស់បំផុត។
ទីផ្សារហ្វីលីពីនបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ប្រទេសនេះទទួលបានកំណើនខ្ពស់បំផុត ០,៦ ភាគរយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
រដ្ឋលេខាធិការផែនការសេដ្ឋកិច្ចសង្គមបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧,៥ ភាគរយរហូតដល់ឆ្នាំ ២០២២ ទោះបីមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ភាគហ៊ុនថៃបានឈានដល់កម្រិខ្ពស់បំផុតក្នុងរយៈពេលមួយខែ ហើយទីផ្សារឥណ្ឌូនេស៊ីបានកើនឡើងជាលំដាប់កន្លងមក ដោយសារសង្គ្រាមពាណិជ្ជកម្មបញ្ចប់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ បានបញ្ឈប់សង្គ្រាមពាណិជ្ជកម្មដែលមានតម្លៃថ្លៃជាងគេបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយបាននាំមកនូវសញ្ញាដំបូងនៃការថយចុះនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល ១៧ ខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី ១០ ឆ្នាំមុន។
ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបណ្តាលឱ្យមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក និងការតម្រៀបឡើងវិញនូវខ្សែសង្វាក់តម្លៃពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer ពិធីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានរំពឹងថានឹងត្រូវរៀបចំឡើងនៅសប្តាហ៍ដំបូងនៃឆ្នាំថ្មីនេះ៕






