កម្ពុជា​ស្នើ​ឲ្យ​អ្នក​ធុរកិច្ច​ចិន​សម្លឹង​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​ ស្នើ​វិនិយោគិន​ចិន​ឲ្យ​សម្លឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​សំ​ខាន់​ៗរបស់​កម្ពុជា​។

លោកស្រី​ហ៊ុន​ ដា​នី​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ជំរុញ​បែបនេះ​នៅក្នុង​ពិ​ភា​ក្សា​ការងារ​ជាមួយ​វិនិយោគិន​ចិន​សំ​ខាន់​ៗ និង​ភ្នាក់ងារ​ទេសចរណ៍​ចិន​ជាច្រើន​រូប​ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​កំណើន​វិនិយោគ​ចិន​ ចូល​មក​កម្ពុជា​បន្ថែម​ទៀត​ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ ខណ:លោកស្រី​បាន​បំពេញបេសកកម្ម​នៅ​ទីក្រុង​ SANYA​ ខេត្ត​ហៃ​ណាន​ ប្រទេស​ចិន​ ពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៩​ ដល់​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​។

លោកស្រី​បាន​លើក​បង្ហាញ​ ពី​ឱកាស​វិនិយោគ​សំ​ខាន់​ៗនៅ​កម្ពុជា​ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កម្ពុជា​ នៅតែ​បន្ត​មាន​កំណើន​។

លោកស្រី​បាន​ស្នើ​បន្ថែម​ទៅ​ក្រុម​វិនិយោគិន​ចិន​ ឲ្យ​សម្លឹង​ឱកាស​វិនិយោគ​និង​ចាប់អារម្មណ៍​ចំពោះ​គោលដៅ​ទេស​ចរ​ណ៍​ថ្មី​ៗរបស់​កម្ពុជា​ ដូចជា​ ខេត្តកំពត​ ខេត្ត​តំបន់ភូមិភាគ​ឦសាន​ និង​ខេត្តកំពង់ធំ​ ដែល​នៅ​ទីនោះ​មាន​ប្រាសាទសំបូរព្រៃគុក​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ដូច​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

លោកស្រី​ក៏បាន​ចាប់អារម្មណ៍​ចំពោះ​ឱកាស​វិនិយោគ​មួយទៀត​ គឺ​ការបង្កើត​កញ្ចប់​ទស្សនកិច្ច​តាម​នាវា​ (Cruise​ Tourism​) រវាង​ខេត្ត​ហៃ​ណាន​ និង​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត​ ដែល​នឹង​មានការ​តភ្ជាប់​ទៅ​កំពង់ផែ​ទឹកជ្រៅ​ នៅ​ខេត្តកំពត​មួយទៀត​ដែល​កំពុង​សាងសង់​។

ក្រុម​អ្នក​វិនិយោគ​ចិន​ បាន​សាទរ​ចំពោះ​ការ​លើកឡើង​របស់​លោកស្រី​ ហើយ​ពួកគាត់​បាន​បញ្ជាក់​បន្ថែម​ថា​ អ្នក​វិនិយោគ​ចិន​ទាំងអស់​ មិន​ខ្លាច​រអា​រនឹង​ចាប់​យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ឡើយ​ ដោយសារ​ពួកគេ​សុទ្ធតែ​បាន​សម្លឹងឃើញ​នូវ​ ៣ចំនុច​សំខាន់​ដែល​កម្ពុជា​ រួមមាន​ ទី១​៖ កម្ពុជា​ជា​ប្រទេស​ កំពុង​អភិវឌ្ឍ​ដែល​ជា​លក្ខខណ្ឌ​ បង្ក​បរិយាកាស​យ៉ាង​ប្រសើរ​ដល់​ការ​វិនិយោគ​ពី​បរទេស​។ ទី២​ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ប្រសើរ​ និង​ទី៣​ កម្ពុជា​មាន​សុខ​សន្តិភាព​ និង​សេ្ថរ​ភាព​នយោបាយ​ល្អ​ បើ​ធៀប​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់​ ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដទៃទៀត​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ក្នុងរយៈពេល១០ខែ​ ដើមឆ្នាំ២០១៩​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ចំនួន​ប្រមាណ៥​,២៩៦​,០៨៨នាក់​ កើនឡើង៩.៧​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ឈរ​នៅ​លេខរៀង​ទី១​ (ស្មើនឹង២​,០២៦​,៥០២នាក់​ កើនឡើង​ប្រមាណ២៤.៤​% និង​ស្មើនឹង៣៨.៣​% នៃ​ចំណែក​ទីផ្សារ​សរុប​) ក្នុងចំណោម​ចំណែក​ទីផ្សារ​ទេសចរ​នាំមុខ​គេ​ទាំង១០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here