ដោយ Donald Lee
ភ្នំពេញ៖ សេដ្ឋកិច្ចសឹង្ហបូរីឈានទៅរកអត្រាកំណើនមួយទាបជាមួយនឹងកំណើន ០,៨ ភាគរយក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរី។

ផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបូរីបានកើនឡើង ០,៨ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
របាយការណ៍ប្រចាំត្រីមាសរបស់ក្រសួងបានបញ្ជាក់ថា “នៅក្នុងត្រីមាសទី ៤ វិស័យផលិតកម្មបានធ្លាក់ចុះ ២,១ ភាគរយ បើធៀបនឹងឆ្នាំមុន និងបន្តធ្លាក់ចុះ ០,៩ ភាគរយនៅក្នុងត្រីមាសមុន”។
របាយការណ៍បានបន្ថែមថា “ការធ្លាក់ចុះគឺដោយសារតែទិន្នផលធ្លាក់ចុះនៅក្នុងផ្នែកអេឡិចត្រូនិក គីមី និងដឹកជញ្ជូនវិស្វកម្មដែលច្រើនជាងផលប៉ះពាល់នៃការពង្រីកផលិតកម្មនៅក្នុងវិស្វកម្មភាពជាក់លាក់ ការផលិតជីវសាស្ត្រ និងចង្កោមផលិតកម្មទូទៅ”។
អត្រាកំណើនរបស់ប្រទេសសឹង្ហបូរីក្នុងឆ្នាំ ២០១៩ គឺទាបបំផុតចាប់តាំងពីឆ្នាំ ២០០៩ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំដែលបានធ្វើឱ្យរង្គោះរង្គើសេដ្ឋកិច្ចពិភពលោក។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរីបានព្យាករណ៍ថា សេដ្ឋកិច្ចខ្លួននឹងកើនឡើងក្នុងអត្រាទាបត្រឹម ០,៥ ភាគរយដល់ឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល។
របាយការណ៍បានបញ្ជាក់ថា សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងបញ្ចប់ជាមួយនឹងអត្រាកំណើន ០,៥ ទៅ ១ ភាគរយហើយចូលឆ្នាំក្រោយដោយមានការព្យាករពី ០,៥ ភាគរយដល់ ២,៥ ភាគរយ។
សេដ្ឋកិច្ចសឹង្ហបូរីបានធ្លាក់ចុះយ៉ាងរហ័សនៅត្រីមាសទី ២ ដោយមានការធ្លាក់ចុះ ២,៧ ហើយអ្នកវិភាគជាច្រើនរំពឹងថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការរំខាននៅក្នុងសង្វាក់ផលិតកម្មពិភពលោកនឹងធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំនេះ។
ទោះបីជាលទ្ធផលនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចាត់ថ្នាក់ប្រទេសសឹង្ហបូរីថាជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតនៅក្នុងពិភពលោក។
សន្ទស្សន៍ប្រកួតប្រជែងត្រូវបានបង្កើតឡើងដើម្បីពិចារណាពីកត្តាជំរុញនៃកំណើនសេដ្ឋកិច្ច និងថាតើកម្លាំងពលកម្ម និងមូលធនវិនិយោគមានប្រសិទ្ធិភាពយ៉ាងដូចម្តេចដើម្បីរួមបញ្ចូលគ្នាក្នុងការបង្កើតលទ្ធផល។
របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ចប់ថា “ប្រទេសនេះស្ថិតក្នុងលំដាប់ទី ១ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល មុខងារទីផ្សារ ការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ”៕







