បារាំង​ផ្តល់​ឥណទាន​ជិត​ ៩០០លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុងរយៈពេល ២៦ឆ្នាំ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​រយៈពេល​ ២៦ឆ្នាំ​ គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣​ ដល់​ខែ​ ធ្នូ​ ឆ្នាំ២០១៩​កន្លងទៅ​នេះ​ រដ្ឋាភិបាល​បារាំង​បាន​ផ្ដល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន​ប្រមាណ​ ៨០២លាន​អឺ​រ៉ូ​ ស្មើនឹង​ប្រមាណ​ជិត៩០០លាន​ដុល្លារ​ ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន២០១លាន​អឺ​រ៉ូ​ ឥណទាន​សម្បទាន​ចំនួន៤៣៤លាន​អឺ​រ៉ូ​ និង​ឥណទាន​គ្មាន​ការធានា​ពីរ​ដ្ឋ​ចំនួន១៦៧លាន​អឺ​រ៉ូ​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ចុះហត្ថលេខា​ ជាមួយ​លោកស្រី​ Oph​élie​ BOURHIS​ នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ប្រចាំ​កម្ពុជា​កាលពី​ចុងខែ​ធ្នូ​ កន្លងទៅ​ លើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ចំនួន២បន្ថែម​ទៀត​ ដែល​មាន​ទឹកប្រាក់​ឥណទាន​សម្បទាន​សរុប​ចំនួន ១១៨លាន​អឺ​រ៉ូ​ (ប្រមាណ​ជា១២១​,៣២​ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​លើ​គំរោង​មួយចំនួន​ដូចជា​ ទី១​. ឥណទាន​សម្បទាន​ចំនួន​ ១០០​ លាន​អឺ​រ៉ូ​ (ប្រមាណ​ជា​ ១០១​,៤ លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​ ដំណាល់​កាល​ទី២​។

តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ​បារាំង​សំរាប់​អភិវឌ្ឍន៍​ (AFD​) នឹង​ផ្តល់​ឥណទាន​សម្បទាន​បន្ថែមចំនួន១០០លាន​អឺ​រ៉ូ​ សម្រាប់​អនុវត្ត​គម្រោង​នេះ​បន្ត​ពី​គម្រោង​ជំហាន​ទី១​។ គម្រោង​នេះ​ មាន​ទិសដៅ​ ទី១​. សាងសង់​ស្ថានីយ៍​បូមទឹក​ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ ១៩៥​ ០០០​ ម៣​/ថ្ងៃ​ ទី២​ បំពាក់​បំពង់​មេ​នាំ​ទឹក​ស្អាត​ បំពង់​ចែកចាយ​ និង​សម្ភារៈ​តភ្ជាប់​បំពង់​ ​និង​ទី៣​ ត្រួតពិនិត្យ​ការងារ​សាងសង់​ និង​គាំទ្រ​ដល់​ការ​ពង្រឹង​សមត្ថភាព​មន្រ្តី​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ លើ​ការងារ​លទ្ធកម្ម​ និង​តម្លើង​បណ្តាញ​ចែកចាយ​ទឹក​ ។

​២.ឥណទាន​សម្បទាន​ចំនួន១៨លាន​អឺ​រ៉ូ​ (ប្រមាណ​ជា​ ១៩​,៩២លាន​ដុល្លារ​អាមេរិក​) ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការប្រកួត​ប្រជែង​ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ​បារាំង​សំរាប់​អភិវឌ្ឍន៍​ (AFD​) នឹង​ផ្តល់​ឥណទាន​ចំនួន១៨លាន​អឺ​រ៉ូ​ សម្រាប់​ធ្វើ​សហ​ហិរញ្ញប្បទាន​ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ សម្រាប់​ការប្រកួត​ប្រជែង​ ដែល​មាន​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង​ ហើយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​។

គម្រោង​នេះ​ មាន​ទិសដៅ​ចំនួន​បី​រួមមាន​ ទី១កែ​លម្អ​ និង​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កម្រិត​ក្រោយ​មធ្យមសិក្សា​ ទី២​ លើកកម្ពស់​ការសិក្សា​ផង​ និង​ធ្វើការ​ផង​ តាម​បណ្តា​ឧស្សាហកម្ម​នានា​ និង៣ពង្រឹង​យន្តការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ឲ្យ​ប្រកបដោយ​នវានុវត្តន៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here