ដោយវុត្ថា
ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Evergrande Group លោក Xu Jiayin បានក្លាយជាមហាសេដ្ឋីអចលនទ្រព្យដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ៣៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩ កន្លងមកនេះ ។

យោងតាមរបាយការណ៍ Hurun ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យកំពូល ៗ ទាំង ១០ នាក់មាន ៧ នាក់ជាជនជាតិចិន - រួមមានលោក Xu Jiayin លោក Li Ka-shing លោក Lee Shau Kee លោក Yang Huiyan លោក Wang Jianlin លោក Henry Cheng និងលោក Joseph Lau Luen Hung ។
លោក Rupert Hoogewerf ប្រធានក្រុមហ៊ុន Hurun បានឱ្យដឹង “និន្នាការនគរូបនីយកម្មនៅក្នុងប្រទេសចិនបានជំរុញឱ្យមានសន្ទះខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយលទ្ធផលនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅលើពិភពលោកគឺមកពីប្រទេសចិន” ។
ទោះយ៉ាងណាទ្រព្យសម្បត្តិ របស់មហាសេដ្ឋី ៩ រូប ក្នុងចំណោមមហាសេដ្ឋីកំពូល ៗ ទាំង ១០ បានធ្លាក់ចុះនៅឆ្នាំនេះលើកលែងតែលោក Tos Chirathivat មកពីប្រទេសថៃ មានទ្រព្យសម្បត្តិបានកើនឡើង ៧៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមតារាងអចលនទ្រព្យពិភពរបស់ក្រុមហ៊ុន Hurun ចុងក្រោយបង្អស់បានបង្ហាញថា ប្រទេសចិនមានមហាសេដ្ឋីអចលនទ្រព្យចំនួន ១៣៩ នាក់ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៥០ ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមានមហាសេដ្ឋីចំនួន ២៦ នាក់ដែលមានទ្រព្យសម្បត្តិរួមចំនួន ១១០ ពាន់លានដុល្លារ និងចក្រភពអង់គ្លេសមានមហាសេដ្ឋី ១៧ រូបដែលមានទឹកប្រាក់ចំនួន ៦៦ ពាន់លានដុល្លាររួមបញ្ចូលគ្នា។ ។
ក្រុមហ៊ុន Sun Hung Kai ក្រុមហ៊ុន Evergrande និងក្រុមហ៊ុន Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានតម្លៃបំផុតទាំង ៣ នៅចិនដោយមានតម្លៃទីផ្សារ ៤៧,៨ ពាន់លានដុល្លារ ៤៣,៩ ពាន់លានដុល្លារ និង ៣១,៣ ពាន់លានដុល្លាររៀងៗខ្លួន៕






