ដោយៈ រ៉ាណេត
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំ ស្តីពីការពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២០-២០២២ ដើម្បីត្រួតពិនិត្យសេចក្តីព្រាងកម្មវិនិវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាល ខេត្តព្រះសីហនុជំពូកទី១ ស្តីពីស្ថានភាពទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ចប្រចាំឆ្នាំ២០២០។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ច សំខាន់ៗដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ដែលជា គោលដៅសម្រាប់ធ្វើការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សក្តានុពលរួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរ ជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រភពសត្តានុពល និងធនធានធម្មជាតិទាំងអស់នេះបាន និងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចម្រើនជាលំដាប់ បច្ចុប្បន្នបាននិងកំពុងអនុវត្តន៍ ឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្ត។

លោកបន្តថា “តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ចគំរូពហុបំណង” ធ្វើឱ្យ ខេត្តទេសចរណ៍មាត់សមុទ្រមានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតងអាស៊ានយ៉ាងយូរ នៅត្រឹមឆ្នាំ២០២៥”។លោកបន្ថែមថា “អនាគតខេត្តព្រះសីហនុ ដែលបច្ចុប្បន្នជា “តារារះនាទិសនារតី” និងក្លាយទៅជាគោលដៅគន្លឹះជាក់ស្តែង៤ សម្រាប់ជំរុញការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥”។

ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចសំខាន់ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍រីកចម្រើនប្រកបដោយចីរភាព និងមានតុល្យភាពខាងបរិស្ថាន។ ពង្រឹងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាស្នូលយុទ្ធសាស្ត្រចតុកោណ ដើម្បីបង្កើនល្បឿន នៃការកែទម្រង់អភិបាលកិច្ចល្អ៕






