ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងកំណើននៃការវិនិយោគ ដោយផ្ទាល់ពីបរទេសយ៉ាងច្រើនរហូតជាង១០០០ក្រុមហ៊ុន រួមទាំងសហគ្រាស និងរោងចក្រនៅកម្ពុជា ដែលមានទំហំសរុបជាង៣៥០០លានដុល្លារ វត្តមានក្រុមហ៊ុនចិនមានរហូតច្រើនជាង៧០០ កំពុងដំណើរការ ខណៈដែលគម្រោងថ្មីៗជាច្រើនទៀតកំពុងត្រៀមខ្លួនចូលមកបន្តទៀត។

បច្ចុប្បន្ននេះ វត្តមានរោងចក្រជាង៧០០ ក្នុងចំណោមជាង១០០០រោងចក្រ ជារបស់ក្រុមហ៊ុនចិន កំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍បង្ហាញពីការសាទរ ទៅនឹងកំណើននៃចំនួនក្រុមហ៊ុនចិន ដែលកំពុងតែវិនិយោគនៅកម្ពុជាយ៉ាងលើសលប់នៅពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ាបានបន្តទៀតថា“យើងសាទរជាមួយនឹងវត្តបណ្តាក្រុមហ៊ុន ដែលមកវិនិយោគ និងបណ្តាក់ទុនធ្វើជំនួញនៅកម្ពុជាទាំងអស់ ដោយមិនប្រកាន់និន្នាការឬសញ្ជាតិណាមួយនោះទេ”។
ដោយឡែកសម្រាប់ក្រុមហ៊ុនចិន ដែលកំពុងតែវិនិយោគនៅកម្ពុជា យើងទទួលស្គាល់ថាពិជាមានកំណើនយ៉ាងច្រើន។
លោកឧកញ៉ាបានបន្តទៀតថា “នៅពេលមានកំណើនក្រុហ៊ុនអន្តរជាតិ ចូលមកកម្ពុជាកាន់តែច្រើន យើងទទួលបានប្រយោជន៍ក៏កាន់តែច្រើន ដែលក្រៅពីទទួលបានចំណូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ យើងក៏ទទួលបាននូវបទពិសោធន៍ បច្ចេកទេស និងចំណេះដឹង ជំនាញថ្មីៗបន្ថែមទៀត ដែលទាំងអស់នេះសុទ្ធតែជាចំណុចល្អដែលយើងទទួលបានបន្ថែម”។ លោកឧកញ៉ាបន្តថា “សម្រាប់វត្តមានក្រុមហ៊ុនចិន នៅកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការមួយចំនួនជាមួយសមាគមអ្នកវិនិយោគចិននៅកម្ពុជាផងដែរ ដើម្បីធ្វើយ៉ាងណាអាចធានា និងសម្រួលភាពងាយស្រួលក្នុងការវិនិយោគ”។
រយៈតាមរយៈនៃកិច្ចទំនាក់ទំនងរវាងចិន និងកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើនដូចជាកាលពីឆ្នាំ២០១៨ ទំហំវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់រហូតដល់ទៅ៦ពាន់លានដុល្លា ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន មានចំនួនជាង៧ពាន់លានដុល្លារ ។

ដោយឡែកក្នុងឆ្នាំ២០១៩កន្លង ទៅទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជិត ៧ពាន់លានដុល្លា ដោយរដ្ឋាភិបាលចិនបានផ្តល់កូតានាំអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោន។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ជាមួយនឹងកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំង២ កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៤ នៅសាធារណរដ្ឋប្រជាមានិតចិន ដូចជា នៅទីក្រុងក្វាងចូវ នៅទីក្រុងហាយនីង នៅទីក្រុងស៊ីអាន និងប្រចាំនៅទីក្រុងហុងកុង។
មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នោះ ជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារ សម្រាប់ផលិតផលសក្តានុពលកម្ពុជា ដូចជា អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹកផ្លែឈើ ស្រាបៀរ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ក្រមា វត្ថុអនុស្សាវរីយ៍ និងសៀវភៅផ្សព្វផ្សាយអំពីវិនិយោគ និងទេសចរណ៍។
ការចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ និងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធសាស្រ្ត នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
ការពង្រីកបាននូវទីផ្សារនាំចេញ ដែលមានលក្ខណៈអចិន្រ្តៃយ៍ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជាពីការពឹងផ្អែកតែទៅលើភាពអនុគ្រោះពន្ធ ដែលមានលក្ខណៈបណ្តោះអាសន្ន។
មិនតែប៉ុណ្ណោះ វានឹងជួយឱ្យរដ្ឋាភិបាល អាចឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទទួលបានឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕







