ដោយ Donald Lee
ភ្នំពេញ៖ ខណៈពេលដែលទីផ្សារនៅតែមានសុទិដ្ឋិនិយមចំពោះការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន តែជាក់ស្តែងគឺកិច្ចព្រមព្រៀងដំណាក់កាលទី ១ នៅតែបន្សល់ទុកពន្ធពាណិជ្ជកម្មជាច្រើនដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀងដំណាក់កាលទី ២ ទំនងជានឹងកើតឡើងនៅឆ្នាំ ២០២១ បន្ទាប់ពីការបោះឆ្នោតទូទៅរបស់អាមេរិក។ នេះបើយោងតាម ប្រធានាធិបតីអាមេរិក។

ប្រធានាធិបតីអាមេរិក Donald Trump និយាយថា លោកចង់បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនដំណាក់កាលទី ២ បន្ទាប់ពីការបោះឆ្នោតសកលអាមេរិកនៅខែ វិច្ឆិកា ឆ្នាំ ២០២០ ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានអំពីចេតនារបស់លោក មុនពេលដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតីចិន Liu He ដើម្បីចុះហត្ថលេខាលើដំណាក់កាលទី ១ កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោក Trump បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា “យើងនឹងចាប់ផ្តើមការចរចាដំណាក់កាលទី ២ ភ្លាមៗ។ វានឹងចំណាយពេលបន្តិច”។
លោក Trump បានបន្ថែមថា “ខ្ញុំគិតថា ខ្ញុំប្រហែលជាចង់រង់ចាំដើម្បីបញ្ចប់វា រហូតដល់ក្រោយការបោះឆ្នោត ពីព្រោះខ្ញុំគិតថា យើងអាចធ្វើបានប្រសើរជាងនេះបន្តិច ប្រហែលជាកិច្ចព្រមព្រៀងល្អជាងនេះ”។
ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ជាបន្តថា ការចុះហត្ថលេខាលើដំណាក់កាលទី ១ គ្រាន់តែជាកិច្ចព្រមព្រៀងបឋមមួយ ហើយគ្មានវិធីណាដែលតំណាងឱ្យការបញ្ចប់ជម្លោះពាណិជ្ជកម្មទេ។
បទអត្ថាធិប្បាយមួយពីប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន បានបញ្ជាក់ថា “ទោះបីជាទីផ្សារលើកទឹកចិត្តដល់ដំណាក់កាលទី ១ ក៏ដោយ ភាពពិតដ៏អាក្រក់នោះគឺថាភាគីទាំង ២ បានទុកពន្ធគយជាច្រើនលើផលិតផលរបស់គ្នាទៅវិញទៅមក ប៉ុន្តែពួកគេនៅតែមិនបានឃើញផ្ទាល់ភ្នែកលើបញ្ហា និងភាពតានតឹងជាច្រើន”។

បទអ្នកអត្ថាធិប្បាយបានបន្ថែមថា “សរុបមក សង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើម ដោយសារតែពន្ធគយ ហើយគួរតែបញ្ចប់ដោយការដកពន្ធចេញទាំងអស់។ វាមិនអាចសង្កត់ធ្ងន់បានទេថា បញ្ហានេះមិនត្រឹមតែល្អសម្រាប់ប្រទេសចិន ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាមេរិក និងសេដ្ឋកិច្ចពិភពលោកផងដែរ”។
កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ បានផ្អាកជាបណ្តោះអាសន្នចំពោះជម្លោះដែលមានរយៈពេលជិត ២ ឆ្នាំ និងជាសង្គ្រាមពាណិជ្ជកម្មដ៏ថ្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ និងបាននាំមកនូវសញ្ញាដំបូងនៃការថយចុះក្នុងសង្គ្រាមពាណិជ្ជកម្មរយៈពេល ១៧ ខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី ១០ ឆ្នាំមុន។
ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបណ្តាលឱ្យមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក និងការតម្រៀបឡើងវិញនូវខ្សែសង្វាក់តម្លៃពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕






