ដោយវុត្ថា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានអះអាងថា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសាធារណៈ និងដឹកជញ្ជូន ជាពិសេសលើគម្រោងនានា ដែលសហរដ្ឋអាមេរិកអាចចូលរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពកម្ពុជាឱ្យឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១០ ខែមករា ម្សិលមិញនេះ។
លោក Patrick បានសម្តែងការទរចំពោះការរីកចម្រើន លើវិស័យសាធារណៈការ និងដឹកជញ្ជូនរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ដែលជំរុញឱ្យមានការដឹកជញ្ជូនកាន់តែមានភាពល្អប្រសើរ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូបានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញភាពរីករាយស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគម្រោងនានាក្នុងពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដែលទទួលបាននូវសមិទ្ធផលសំខាន់ៗដែលសម្រេចបាននិងកំពុងបន្ត ព្រមទាំងទិសដៅការងារនាពេលអនាគតរបស់ក្រសួង ក្រោមគំនិតផ្តូចផ្ដើមកំណែទម្រង់ថ្មីៗ ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរផងដែរពីឆ ន្ទៈដ៏មោះមុតរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕







