ដោយ Donald Lee
តៃវ៉ាន់ៈ អ្នកវិភាគព្យាករណ៍ថា តៃវ៉ាន់អាចនឹងដឹកនាំកំណើនសេដ្ឋកិច្ចខ្លាអាស៊ីដទៃទៀតដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងហុងកុង បន្ទាប់ពីកោះតៃវ៉ាន់បានបញ្ចប់ការបោះឆ្នោត ដែលប្រធានាធិបតីតៃវ៉ាន់ លោកស្រីTsai Ing-Wen បានឈ្នះឆ្នោតដ៏ភ្លូកទឹកភ្លូកដី កាលពីថ្ងៃសៅរ៍សប្តាហ៍មុនកន្លងទៅ។

លោកស្រី Tsai ទទួលបានសំឡេងគាំទ្រ៥៧,១ភាគរយ ខណៈគូប្រជែងសំខាន់របស់លោកស្រីទទួលបានសម្លេងឆ្នោតត្រឹម៣៨,៦ ភាគរយ។
ក្រៅពីពឹងផ្អែកលើការនាំចេញ តៃវ៉ាន់បានបង្ហាញតួលេខកំណើនល្អបំផុតកាលពីឆ្នាំ២០១៩។ កំណើនផលិតផលក្នុងស្រុករបស់កោះតៃវ៉ាន់ បានកើនឡើង២,៩១ភាគរយ នៅត្រឹមឆមាសទី៣ នៃឆ្នាំ២០១៩ ។
អ្នកវិភាគសេដ្ឋកិច្ចមានសុទិដ្ឋិនិយមពីព្រោះថា លោកស្រី Tsai បានបង្រួមគោលដៅរដ្ឋបាលរបស់លោកស្រី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងថយមួយជំហ៊ាន ក្រោយពីកំណែទម្រង់សង្គម។ ទីក្រុងប៉េកាំងនៅតែប្រឆាំងនឹងការបោះឆ្នោតរបស់លោកស្រី ហើយនឹងនៅតែរក្សាគោលនយោបាយដែលថា កោះតៃវ៉ាន់នឹងបង្រួបបង្រួមជាមួយចិនដីគោកវិញនាពេលអនាគត។
សំណួរចោទសួររបស់តៃវ៉ាន់ គឺបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន ដែលជាហេតុបណ្តាលឱ្យអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយកាលពីថ្ងៃអាទិត្យ ទី១២ មករា ឆ្នាំ២០២០កន្លងមកថា ទោះជាមានអ្វីកើតឡើងនៅក្នុងកោះតៃវ៉ាន់ក៏ដោយ ហេតុការណ៍ពិតនឹងមិនមានការផ្លាស់ប្តូរទេ មានតែប្រទេសចិនមួយទេ នៅលើពិភពលោក ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងការពារអធិបតេយ្យភាពរបស់តៃវ៉ាន់ ប៉ុន្តែសេដ្ឋកិច្ចអាស៊ីបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
ដោយឡែក រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសរសេរតាមប្រព័ន្ធបណ្តាញសង្គមTwitter ថា តៃវ៉ាន់នឹងបង្ហាញជាថ្មីម្តងទៀតនូវភាពរឹងមាំ នៃប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំរបស់ខ្លួន៕






