ដោយវុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥ពីភ្នំពេញទៅប៉ោយប៉ែត មានចម្ងាយប្រមាណជិត ៤០០គីឡូម៉ែត្រ ត្រូវបានស្ថាបនាវាងក្រុងចំនួន ៤ ដែលមានចំងាយក ៦០ គីឡូដែលជាផ្លូវថ្មីដើម្បីសម្រួលដល់ការធ្វើដំណើរ និងបង្វៀងចរាចរណ៍នៅក្នុងក្រុងដែលមានស្ថានភាពមមាញឹក។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័ត៌ propertyarea.asia នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តាមផែនការគឺ ត្រូវសាងសង់ផ្លូវ វាងក្រុងចំនួន ៤ រួមមានក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និង ក្រុងសិរីសោភ័ណដែលមានចំងាយប្រមាណសរុបចំនួន ៦០ គីឡូម៉ែត្រ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ទៀតថា សម្រាប់ដោះស្រាយផលប៉ះពាល់ជាសំណងជូនប្រជាពលរដ្ឋក្នុងការស្ថាបនាផ្លូវថ្មីវាងក្រុងនេះ គណៈកម្មការអន្តរក្រសួងបានដោះស្រាយរួចរាល់អស់ហើយទៅតាមសមស្រប ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាធ្លាប់បានឱ្យដឹងថា ការពង្រីកផ្លូវជាតិលេខ៥ ឱ្យមាន៤គន្លង ពីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែតនេះ គឺជាការបើកច្រកសេដ្ឋកិច្ចធំមួយសម្រាប់កម្ពុជា ហើយបើសិនជាអាច គួរធ្វើជាផ្លូវល្បឿនលឿនដើម្បីចំណេញពេលវេលាក្នុងការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើម ។
លោកបណ្ឌិតបន្តថា ការភ្ជាប់ផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញនេះ ក៏ជាច្រកមួយសម្រាប់ទេសចរណ៍ផងដែរ ព្រោះប៉ោយប៉ែតជាច្រកលំហូរភ្ញៀវទេសចរពីថៃ មកកម្ពុជា ដោយសារផ្លូវនេះមានទំហំធំ និងមានសុវត្ថិភាពល្អ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងកាលពីកន្លងមកនេះដែរថា ផ្លូវជាតិលេខ៥នេះ គឺសំខាន់ណាស់ វាជាចំណែកផ្លូវរបស់អាស៊ានហាយវ៉េលេខ១ ដែលបានតភ្ជាប់តាំងពីភូមា មកថៃ កម្ពុជា និងវៀតណាម សម្រាប់ដឹកទំនិញ ។

លោកថា “យើងមានកសិផលក៏ច្រើននៅប៉ៃលិន បាត់ដំបង រួមនឹងខេត្តផ្សេងទៀតអាចដឹកមកតាមផ្លូវនេះចុះទៅកំពង់ផែ ហើយបន្តិចទៀត អាចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ផ្លូវជាតិលេខ៥ ជាផ្លូវសំខាន់ និងជាសរសៃឈាមដ៏ធំមួយដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើនថែមទៀត”។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA)។ គម្រោងនេះនឹងពង្រីកពី២គន្លង ទៅ៤គន្លង គឺផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារ ៕






