ដោយ Donald Lee
ភ្នំពេញ៖ ប្រទេសវៀតណាមនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលអូសបន្លាយ ខណៈរដ្ឋាភិបាលវៀតណាមបានព្យាករណ៍ថាកំណើនផលិតផលសរុបក្នុងស្រុកខ្លួននឹងកើនឡើងដល់ ៧ ភាគរយនៅឆ្នាំ ២០២០។

ការព្យាករថ្មីរបស់រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា អត្រាកំណើនអាចឈានដល់ ៧.០១ និងទាបបំផុតត្រឹម ៦.៧៦ ភាគរយ។
មជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានសេដ្ឋ កិច្ចនិងការព្យាករណ៍ (NCIF) បានឱ្យដឹងថា “កំណើនផលិតសរុបក្នុងស្រុកនៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានថានឹងឈានដល់ ៧,០១ ភាគរយជាមួយនឹងអតិផរណា ៣,៥ ភាគរយ ខណៈការនាំចេញទំនិញអាចនឹងកើនឡើងដល់ជាង ២៨៥ ពាន់លានដុល្លារ”។
រដ្ឋាភិបាលវៀតណាមបានបន្តទទួលបាននូវអត្ថប្រយោជន៍ដែលសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដែលបានផ្តល់ដល់សេដ្ឋកិច្ចវៀតណាម នៅពេលខ្សែសង្វាក់តម្លៃនៅអាស៊ីត្រូវបានរៀបចំជាថ្មីដើម្បីប្រឆាំងនឹងពន្ធរបស់អាមេរិកលើទំនិញចិន។
ការព្យាករណ៍បានបន្ថែមថា “ប្រទេសវៀតណាមបន្តទាញយកអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដើម្បីបង្កើនតម្លៃនៃការនាំចេញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)”។
កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០១៩ ដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបង្ខំឱ្យក្រុមហ៊ុនផលិតកម្មចាកចេញទៅទីតាំងដែលទំនិញរបស់ពួកគេនឹងមិនរងផលប៉ះពាល់ពីពន្ធរបស់អាមេរិក។ ការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងរយៈពេល ១០ ឆ្នាំនឹងធ្វើឱ្យសេដ្ឋកិច្ចកើនឡើងដល់ទំហំរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងរយៈពេល ១០ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អ្នកពិគ្រោះយោបល់ក្រុមហ៊ុន IHS Markit ។
លោក Michael Ryan នាយករងនៃក្រុមហ៊ុន IHS Markit បានថ្លែងនៅក្នុងរបាយការណ៍មួយថា “នៅក្នុងឆ្នាំ ២០២៨ ទំហំនៃសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦១៧ ពាន់លានដុល្លារអាមេរិកដែលជួយដោយការបន្តកំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យនាំចេញផលិតកម្ម ក៏ដូចជាការនាំចេញ និងទេសចរណ៍ ខណៈការចំណាយរបស់អ្នកប្រើប្រាស់ត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ”។

ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិកបានកើនឡើងជិត ៣០ ភាគរយក្នុងឆ្នាំ ២០១៩ បន្ទាប់ពីដំណាច់ឆ្នាំ ២០១៨ ដែលការនាំចេញក៏កើនឡើងដែរ។
របាយការណ៍នេះ បានបង្ហាញថា “ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិកបានបន្តបង្ហាញពីកំណើនយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ ដែលកើនឡើង ១១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់មកការនាំចេញកើនឡើងយ៉ាងលឿន ២៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩”៕






