ដោយ Donald Lee
ភ្នំពេញៈ ក្រុមមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត និងអ្នកមានអំណាចបំផុតជាច្រើននៅលើពិភពលោក នឹងជួបគ្នានៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីរកដំណោះស្រាយចំពោះវិបត្តិបរិស្ថានពិភពលោក ដែលនឹងកើតមាននៅពេលដែលគ្រោះមហន្តរាយភ្លើងឆេះនៅអូស្ត្រាលីបន្តបំផ្លាញប្រទេសនេះ។

មេដឹកនាំលើពិភពលោក នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីបញ្ហាដែលបានជ្រើសរើសនៃនិរន្តរភាព និងហានិភ័យបរិស្ថានដែលពិភពលោកកំពុងប្រឈម។
លោកសាស្ត្រាចារ្យKlaus Schwab ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានមានប្រសាសន៍ថា “ប្រជាជនកំពុងធ្វើការប្រឆាំងនឹងឥស្សរជនសេដ្ឋកិច្ច ដែលពួកគេជឿថាបានក្បត់ពួកគេ ហើយកិច្ចប្រឹងប្រែងរបស់យើង ដើម្បីរក្សាកំដៅផែនដីមានកម្រិតត្រឹមតែ១,៥ អង្សាសេ កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង”។
លោកបានបន្តថា “ជាមួយពិភពលោកនៅលើផ្លូវបំបែក នៅឆ្នាំនេះយើងត្រូវអភិវឌ្ឍ ការជួបជុំនៅទីក្រុងដាវ៉ូស២០២០ ដើម្បីពិចារណាឡើងវិញនូវគោលបំណង និងតារាងពិន្ទុសម្រាប់ក្រុមហ៊ុន និងរដ្ឋាភិបាល”។ លោកបន្ថែមថា “វាជាអ្វីដែលវេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវបានបង្កើតឡើងអស់រយៈពេល៥០ឆ្នាំមកហើយ ហើយយើងចង់ចូលរួមចំណែកសម្រាប់រយៈពេល៥០ឆ្នាំខាងមុខទៀត”។
ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានរកឃើញថា មានហានិភ័យធំៗ ចំនួន៥ ដែលប្រជាជនជឿថាឆ្នាំនេះ អ្នកទាំងអស់ត្រូវធ្វើការ ជាមួយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
វេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានមូលដ្ឋាននៅប្រទេសស្វីស គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ ដែលមានបេសកកម្ម ដើម្បីកែលំអស្ថានភាពពិភពលោក តាមរយៈការចូលរួមធុរកិច្ចនយោបាយសិក្សា និងអ្នកដឹកនាំសង្គមដទៃទៀត ដើម្បីកំណត់របៀបវារៈពិភពលោក តំបន់ និងឧស្សាហកម្ម។

ការប្រែប្រួលអាកាសធាតុ និងបរិស្ថានគឺជាបញ្ហាដ៏ក្តៅគគុកក្នុងឆ្នាំ២០១៩ ដោយសារសកម្មជនបរិស្ថាន ដូចជាលោក Greta Thunberg អាយុ១៧ឆ្នាំ បានលេចមុខឡើង ណៈពួកគេបានរិះគន់មេដឹកនាំពិភពលោក ដែលមិនបានប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លើសពីនេះទៀត ប្រទេសអូស្រ្តាលី ប្រឈមនឹងការខូចខាតរាប់ពាន់លានដុល្លារ ដោយសារតែភ្លើងឆេះព្រៃ ដែលព័ទ្ធជុំវិញតំបន់នានានៃប្រទេស ដែលប្រជាជនអូស្រ្តាលីជាច្រើនជឿថា បណ្តាលមកពីការឡើងកម្តៅនៃអាកាសធាតុពិភពលោក។
ការព្យាករណ៍បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំនៅក្នុងប្រទេសអូស្រ្តាលី អាចនឹងធ្វើ ឱ្យប្រទេសនេះ ខាតបង់ទឹកប្រាក់ចំនួន៣,៥ពាន់លានដុល្លារ និងស្មើនឹង១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
ភ្លើងឆេះព្រៃបានចាប់ផ្តើមនៅឆ្នាំ២០១៩ ហើយជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយ ដែលធ្លាប់មានបទពិសោធន៍ នៅក្នុងប្រទេសអូស្ត្រាលី។ មនុស្សជាង៤០ម៉ឺននាក់ត្រូវបានរងគ្រោះអគ្គិភ័យនេះ ហើយលេបត្របាក់មនុស្ស១៧០នាក់ និងបំផ្លាញផ្ទះចំនួន២០២៩ខ្នង៕






