ដោយ Donald Lee
ភ្នំពេញ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងធ្លាក់ចុះក្រោម ៣ ភាគរយនៅឆ្នាំនេះ។ នេះយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។ ស្ថាប័នផ្តល់ប្រាក់កម្ចីលើពិភពលោកនេះ បានព្យាករណ៍នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃ សុក្រ ថា ប្រទេសនេះនឹងកើនឡើងត្រឹមតែ ២,៧ ភាគរយប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចយឺតនៅតែបន្តធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះ។

សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែបន្តធ្វើឱ្យអ្នកវិនិយោគ និងអ្នកវិភាគព្រួយបារម្ភ ដោយសារតែវាបានបញ្ចប់នៅឆ្នាំ ២០១៩ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ហើយត្រូវបានរំពឹងថានឹងមិនឆ្លើយតបនឹងការព្យាករណ៍ឆ្នាំ ២០២០។
នេះបើយោងតាមធនាគារកណ្តាលរបស់ប្រទេសថៃ។
ប្រទេសដែលពឹងផ្អែកលើការនាំចេញនេះប្រឈមមុខទាំងហានិភ័យខាងក្រៅ និងក្នុងស្រុកនៅឆ្នាំនេះ។
របាយការណ៍បានបន្ថែមថា “ហានិភ័យខាងក្រៅបណ្តាលមកពីការបន្តភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការកើនឡើងនូវនិន្នាការគាំពារនិយម និងហានិភ័យរយៈពេលខ្លីក្នុងស្រុកគឺពឹងផ្អែកទៅលើការរួបរួមគ្នារបស់រដ្ឋាភិបាលចម្រុះដែលអាចប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន”។
ខ្លាសេដ្ឋកិច្ចនៅអាស៊ី (ថៃ) បានវង្វេងនៅក្នុងព្រៃ
ខ្លាសេដ្ឋកិច្ចនៅអាស៊ីនេះបានចាប់ផ្តើមរីកចម្រើននៅទសវត្សឆ្នាំ ១៩៨០ ខណៈខ្លួនបានផ្លាស់ប្តូរទៅចាប់យកគំរូកំណើនដែលពឹងផ្អែកលើការនាំចេញ។ ក្នុងចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩៦ សេដ្ឋកិច្ចថៃបានកើនឡើងជាមធ្យម ៧,៧ ភាគរយ។
របាយការណ៍បានបន្ថែមថា “រយៈពេលនៃកំណើននេះត្រូវគ្នាទៅនឹងការផ្លាស់ប្តូរកម្លាំងពលកម្មសម្រាប់កសិកម្ម ឆ្ពោះទៅរកផលិតកម្ម ការបង្រួបបង្រួមលឿនជាងមុនជាមួយប្រទេសថ្នាក់កណ្តាល និងការកើនឡើងក្នុងការកាត់បន្ថយភាពក្រីក្រខ្លាំង”។
ទោះជាយ៉ាងណា វិបត្តិហិរញ្ញវត្ថុអាស៊ីធ្វើឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ហើយបន្ទាប់ពីឆ្នាំ ១៩៩៧ បានងើបឡើងវិញជាមធ្យមត្រឹមតែ ៤,៨ ភាគរយនៅចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៨។

សេដ្ឋកិច្ចថៃបានរងផលប៉ះពាល់ម្តងទៀតក្នុងឆ្នាំ ២០០៩ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំដែលធ្វើឱ្យទីផ្សារសកល និងទាញទម្លាក់សេដ្ឋកិច្ចថៃក្នុងទសវត្សចុងក្រោយនេះ ជាមធ្យមមានត្រឹមតែ ៣,៣ ភាគរយប៉ុណ្ណោះ។
ការឡើងថ្លៃប្រាក់បាតប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក
រូបិយប័ណ្ណរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ២ នៅអាស៊ាននេះបានស្ថិតក្នុងចំណោមប្រទេសដែលមានឡើងថ្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ប្រាក់បាតឡើងថ្លៃជាង ៥ ភាគរយធៀបនឹងប្រាក់ដុល្លារកាលពីឆ្នាំមុន។ ជាក់ស្តែង ប្រាក់បាតឡើងថ្លៃជាងរូបិយប័ណ្ណផ្សេងៗទៀតនៅអាស៊ី។
នៅក្នុងវិស័យអចលនទ្រព្យ វិនិយោគិនថៃ និងបរទេសកំពុងព្រងើយកន្តើយចំពោះគម្រោងខុនដូដែលទើបនឹងបើកដំណើរការ ខណៈដែលជាង ៨០ ភាគរយនៃខុនដូយូនីតសម្រាប់លក់នៅក្នុងឆមាសទីមួយនៃឆ្នាំមុនត្រូវបាននៅសល់លើទីផ្សារ។
របាយការណ៍របស់ Knight Frank បានឱ្យដឹងថា “ការឡើងថ្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័នក៏បានប៉ះពាល់ដល់តម្រូវការអចលនទ្រព្យពីវិនិយោគិនបរទេសផងដែរ ដែលជាហេតុធ្វើឱ្យការកក់ខុនដូយូនីតធ្លាក់ចុះក្នុងត្រីមាសទី ២ កាលពីឆ្នាំមុន”។

របាយការណ៍នេះបានបន្ថែមទៀតថា “ទីផ្សារអចលនៈទ្រព្យកំពុងតែឆ្លងកាត់រយៈពេលដ៏លំបាកមួយដែលតម្រូវការទាំងក្នុងស្រុក និងក្រៅស្រុកបានធ្លាក់ចុះ ដែលជាលទ្ធផលនៃការកម្រិតប្រាក់កម្ចីបានចូលជាធរមាន ហើយប្រាក់បាតឡើងថ្លៃ”។
របាយការណ៍នេះបានគណនាថា ភាគច្រើននៃ ២៧,៨៧០ យូនីតថ្មីសម្រាប់លក់ក្នុងឆមាសទីមួយនៃឆ្នាំមុន នៅតែមិនទាន់ត្រូវបានលក់ចេញ។ ក្នុងចំណោមយូនីតថ្មីដែលដាក់សម្រាប់លក់នៅឆ្នាំនេះ មានតែ ៥,២៥៧ គ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ដែលអត្រានេះមានត្រឹមតែ ១៩ ភាគរយប៉ុណ្ណោះ៕






