ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ភាពប្រឈមរវាងវិស័យឯកជន និងអគ្គនាយកដ្ឋានពន្ធដារផ្នែកសវនកម្មទៅលើកិច្ចប្រតិបត្តិការ និងផលរបរនៅតែជាបញ្ហា ដែលទាមទារឱ្យមានការសិក្សា និងស្វែងរកដំណោះស្រាយក្នុងនាមភាពជាដៃគូ ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

សភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៤ ដោយលើកយក “ពន្ធដារ -វិស័យផ្សេងទៀត” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន មកធ្វើជាប្រធាននៅក្នុងសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងក្ដីកង្វល់នានារបស់ផ្នែកឯកជនទាក់ទងទៅនឹងពន្ធដារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ដែលបានដឹកនាំកិច្ចប្រជុំខាងលើនេះបានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ ក្ដីកង្វល់របស់ផ្នែកឯកជនជាមួយនឹងពន្ធដារ នៅតែបន្តកើតមាន ដែលទាមទារឱ្យមានការដំណោះស្រាយនិងសម្របសម្រួលក្នុងភាពជាដៃគូយ៉ាងចាំបាច់។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា “វិស័យឯកជនតែងតែមានការព្រួយបារម្ភទៅលើបញ្ហាសវនកម្មដែលមិនមានសុក្រិត្យភាព”។ លោកឧកញ៉ាបានបន្តទៀតថា “កាលពីពេលកន្លងទៅ មន្ត្រីជំនាញមិនបានចុះធ្វើសវនកម្មជាប្រចាំឆ្នាំនោះទេ រាប់ទាំងក្រុមហ៊ុន និងសហគ្រិនខ្នាតតូច និងធម្យមផងដែរ លុះពេលចុះធ្វើសវនកម្ម គឺតែងតែខុសពីការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដែលភាគីខាងពាណិជ្ជករមានកំហុស និងត្រូវទទួលការពិន័យជាប្រចាំ”។
លោកឧកញ៉ាបានបន្តថា “ក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការស្ទើរតែជាង៩០ភាគរយ សុទ្ធតែទទួលរងនូវការផាកពិន័យទាំងអស់នៅពេលធ្វើសវនកម្ម ដែលធ្វើឱ្យបាត់បង់នូវឱកាសទទួលយកប្រាក់បង់ពន្ធលើប្រាក់ចំណេញចំនួន១ភាគរយប្រចាំឆ្នាំស្ទើរតែទាំងស្រុង។ ក្រៅពីនេះ នៅមានបញ្ហាជាច្រើនទៀតដែលកើតមានរវាងផ្នែកឯកជន និងពន្ធដារ ដែលបញ្ហាទាំងអស់នេះ តាមរយៈក្រុមការងារបច្ចេកទេសទី៤ របស់សភាពាណិជ្ជកម្មកម្ពុជា កំពុងតែសិក្សា ដើម្បីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរកដំណោះស្រាយរួមក្នុងនាមភាពជាដៃគូ”។
បច្ចុប្បន្ន សម្រាប់ផ្នែកវិិស័យឯកជន ដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា បានកើនឡើងរហូតដល់ជាង៥០០០ ក្រុមហ៊ុន និងសហគ្រាសជាតិ និងអន្តរជាតិ ដែលកំពុងតែមានដំណើរការអាជីវកម្មនៅកម្ពុជា៕







