រដ្ឋាភិបាលបាននិងកំពុងធ្វើទំនើបកម្មវិស័យដឹកជញ្ជូនដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននឹងកំពុងធ្វើទំនើបកម្មលើវិស័យសាធារណៈការ និងដឹកជញ្ជូននៅទូទាំងប្រទេស ខណៈវិស័យវិនិយោគ ពាណិជ្ជកម្ម ធុរកិច្ច និងសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែរីកចំរើនស្ទើរគ្រប់វិស័យ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងជញ្ជូន លោក វ៉ាស៊ីម សូរីយ៉ា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០កន្លងមកថា ជាការពិតណាស់ រដ្ឋាភិបាលបាននឹងកំពុងអនុវត្តស្តារ និងភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រែក្លាយពីផ្លូវពីបេតុង ទៅផ្លូវ AC និងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ ក្នុងកសាងផ្លូវតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធ្វើឱ្យមានគុណភាពខ្ពស់។

លោកបន្តថា “យើងបានកសាងផ្លូវផ្លូវដែក កំពង់ផែ និង ផ្លូវល្បឿនលឿនមានទាំងបំពាក់ភ្លើងបំភ្លឺផ្លូវ កាមេរ៉ាសុវត្ថិភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងន័យធ្វើយ៉ាងណាឱ្យវាទំនើប ដូចនៅបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងពិភពលោក ដែលយើងកំពុងអនុវត្តបណ្តើរៗ ហើយត្រូវប្រើពេលយូ និងចំណាយថវិកាច្រើនក្នុងកិច្ចការនេះ”។

ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាបន្តបន្ទាប់ធ្វើឡើងស្របតាម ការកើនឡើងនៃពាណិជ្ជកម្ម ក៏ដូចជាឲ្យស្របតាមផែនការយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបន្តថា “ក្រោយធ្វើទំនើបក ម្មនិងតភ្ជាប់ជាមួយផ្លូវ ហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែកុងតឺន័រថ្មីក្នុងខេត្តព្រះសីហនុ នឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ ក្នុងតំបន់អាស៊ានដែលអាចឲ្យកប៉ា​ល់ធំៗចូលចតបាន”។

លោកស៊ុន ចាន់ថុលបានបន្ដថា ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ កំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពផ្ទុកទូរកុងតឺន័រ បានរហូតដល់ ៣០០.០០០ទូក្នុង១ឆ្នាំ។

លោកបន្ថែមទៀតថា ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយ ផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីក និងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here