ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងរយៈពេល១២ខែនៃឆ្នាំ២០១៩កន្លងទៅនេះ លទ្ធផលនៃការប្រមូលពន្ធ-អាករគ្រប់ប្រភេទរបស់អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបានជិត៣០០០លានដុល្លារសហរដ្ឋអាមេរិក។
នៅឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន១១,២៧៧.៣២ ប៊ីលានរៀល (ប្រមាណ២៨១៩.៣៣ លានដុល្លារ) ធៀបនឹងផែនការប្រចាំឆ្នាំ២០១៩ ឃើញថាលទ្ធផលទទួលបានលើសផែនការប្រមាណ២៣.២០% ត្រូវជាប្រមាណ២,១២៣.៦៩ ប៊ីលានរៀល ស្មើនឹងប្រមាណ៥៣០.៩២លានដុល្លារអាមេរិក។
ទំហំទឹកប្រាក់ដែលទទួលបាននៅក្នុងឆ្នាំ២០១៩ខាងលើនេះ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៤៨៥.៩២ប៊ីលានរៀល (ប្រមាណជា ៦២១.៤៨លានដុល្លារអាមេរិក)ស្មើនឹង២៨.២៨%។ នេះបើផ្អែកតាមការប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅសាលាជាតិពន្ធដារ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការគ្រប់គ្រងប្រមូល ចំណូលសម្រាប់ឆ្នាំ២០១៩ គឺពិតជាឆ្លុះបញ្ចាំង និងមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃសន្តិភាព ជាកត្តាចម្បងញ៉ាំងឱ្យមានការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃ បានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកគង់ វិបុល បានបន្ថែមថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ(E-VAT Refund) បានបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផលក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣១.០៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ហើយតាមរយៈវិធានការ E-VAT រួមជាមួយវិធានការពន្ធដារសំខាន់ៗផ្សេងៗទៀត បានជំរុញកំណើនពន្ធលើប្រាក់ចំណូលប្រមាណ ២៨.៤៧%, អាករពិសេស៣០.៧២%, ពន្ធប្រថាប់ត្រា៤៣.៧៣%, ពន្ធលើប្រាក់បៀរវត្ស១៨.២១% និងពន្ធលើឈ្នួលដី និងផ្ទះ៦៨.២០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕






