រដ្ឋាភិបាលនឹងបញ្ចប់ការរៀបចំគោលនយោបាយឌីជីថលដើម្បីទាញយកផលប្រយោជន៍ពីបដិវត្តន៍វិស័យឧស្សាហកម្ម

0

ដោយ ៖ ប៊ី

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលខ្លួនបាននឹងកំពុងសហការ ជាមួយអន្តរក្រសួងគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតជប៉ុន អំពីការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សា​ហកម្មជំនាន់ទី៤ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាឲ្យមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ និងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើ​នប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើតនិងប្រើប្រាស់រចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ «បង្កើតម្តងប្រើបានគ្រប់កន្លែង» និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបន្តថា “ការងារសំខាន់ៗដែលបាននិងកំពុងយកចិត្តទុកដាក់ រួមការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីល គោលនយោបាយសេដ្ឋកិច្ចឌីជីថល ការការពារសន្តិសុខព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងបទដ្ឋានគតិយុត្តគាំទ្រជាដើម”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការជាមួយ អន្តរក្រសួងលើការរៀបចំក្របខណ្ឌ គោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលគ្រោងនឹងបញ្ចប់ នៅខែមិថុនាឆ្នាំ២០២០ខាងមុខ។ ចេញពីក្របខណ្ឌគោលនយោ​បាយរដ្ឋាភិបាលឌីជីថលនេះ យើងនឹងរៀបចំនូវផែនការមេ និងផែនការវិនិយោគបន្តទៀត។

ទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា និងពិភពលោក លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រៃសណីយ៍ ដើម្បីជួយគាំទ្រដល់វិស័យនេះ ក៏ដូចជាការបង្កើតនូវហត្ថលេខាឌីជីថល ដែលនឹងដើរតួសំខាន់នៅក្នុងពាណិជ្ជអេឡិកត្រូនិកផងដែរ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក បានស្នើដល់ឯកអគ្គរដ្ឋទូតជប៉ុន ក្នុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួង ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស ដល់ការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យប្រៃសណីយ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here