ដោយ Donald Lee
ភ្នំពេញៈ អាមេរិកបានយល់ព្រមពង្រីក កិច្ចចរចាពាណិជ្ជកម្មជាមួយបារាំង ដើម្បីចៀសវាងសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មដ៏ធំធេង លើទំនិញបារាំងដែលចូលមកអាមេរិក ចាប់ផ្តើមនៅសប្តាហ៍នេះ។
រដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងដាក់ពន្ធ១០០ភាគរយ លើទំនិញបារាំងដែលមានតម្លៃ២,៤ ពាន់លានដុល្លារ និងរួមបញ្ចូលស្រាសំប៉ាញ កាបូបដៃ និងឈីស ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនត្រូវបានធ្វើនៅសប្តាហ៍នេះ។
ពន្ធនាំចូលលើការនាំចូលរបស់បារាំងកើតឡើង បន្ទាប់ពីការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មី នៃសេវាកម្មឌីជីថលបារាំងដែលនឹងដាក់ពន្ធ៣ភាគរយ លើក្រុមហ៊ុនឌីជីថល ដែលរកចំណូលបានជាង២៧,៨៦លានដុល្លារនៅបារាំង និង៨៣០ លានដុល្លារនៅទូទាំងពិភពលោក។
ក្រុមអ្នកវិភាគជឿជាក់ថា “ការយកពន្ធថ្មីនេះ គឺសំដៅដោយផ្ទាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជាហ្វេសប៊ុក អេបផល និងអាម៉ាហ្សូន។
លោក Trump បានជំរុញប្រធានាធិបតីបារាំង Emmanuel Macron យ៉ាងខ្លាំងដែលធ្វើឱ្យលោកបានយល់ព្រមពន្យារពេលយកពន្ធឌីជីថល លើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិករហូតដល់ដំណាច់ឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានថ្លែងនៅក្នុងកិច្ចប្រជុំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុសសែល (Brussel) កាលពីថ្ងៃអង្គារថា “លោក Macron និង Trump មានការពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ហើយពួកគេបានយល់ព្រមចៀសវាងរាល់ការកើនឡើងរវាងអាមេរិក និងបារាំងលើបញ្ហាពន្ធឌីជីថល។
លោកMacron បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វីតធឺថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងជៀសវាងសង្គ្រាមពាណិជ្ជកម្ម។
លោកបានសរសេរលើបណ្តាញសង្គមទៀតថា “មានការពិភាក្សាដ៏អស្ចារ្យជាមួយលោក Donald Trump អំពីពន្ធឌីជីថល។ យើងនឹងធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងដ៏ល្អមួយ ដើម្បីចៀសវាងការដំឡើងពន្ធ។
ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងបារាំងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន ដោយភាគីទាំងពីរបានសន្យាថានឹងយកពន្ធជាការសងសឹក។
ឯកអគ្គរដ្ឋ Robert Lighthizer បានថ្លែងនៅក្នុងរបាយការណ៍របស់ USTR បានមានប្រសាសន៍ថា “ការសម្រេចចិត្តរបស់ USTR (តំណាងពាណិជ្ជកម្មអាមេរិក) នៅថ្ងៃនេះផ្ញើសញ្ញាយ៉ាងច្បាស់ថា អាមេរិកនឹងចាត់វិធានការប្រឆាំងនឹងច្បាប់ពន្ធឌីជីថល ដែលរើសអើង ឬដាក់បន្ទុកមិនត្រឹមត្រូវលើក្រុមហ៊ុនអាមេរិក។
លោកLighthizer បានបន្ថែមថា “តំណាងពាណិជ្ជកម្មអាមេរិកផ្តោតលើការប្រឆាំងការកើនឡើងនៃការគាំពារនិយម របស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែល ផ្តោតលើក្រុមហ៊ុនអាមេរិកដោយអយុត្តិធម៌ មិនថាតាមរយៈពន្ធសេវាកម្មឌីជីថល ឬកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដែលផ្តោតលើក្រុមហ៊ុនសេវាកម្មឌីជីថល ឈានមុខរបស់អាមេរិក។
បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដំឡើងពន្ធសហភាពអឺរ៉ុបកាលពីឆ្នាំមុនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានប្តេជ្ញាសងសឹកចំពោះអ្វី ដែលលោកចាត់ទុកថា ជាទណ្ឌកម្មពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំងលោក Bruno Le Maire បាននិយាយកាលពីខែ តុលាឆ្នាំមុនថា “យើងអឺរ៉ុប នឹងធ្វើការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ នៅក្នុងប៉ុន្មានខែទៀត ប្រហែលជារឹតតែពិបាកថែមទៀត ក្នុងក្របខ័ណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់អាមេរិកទាំងនេះ”៕






