ក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន ១០ គ្រឿងបន្ថែមដើម្បីលើកស្ទួយការដឹកជញ្ជួនតាមដែកនៅកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន ១០ គ្រឿងបន្ថែមក្នុងការលើកស្ទួយការដឹកជញ្ជួនតាមដែកនៅកម្ពុជា ស្របពេលក្រសួងសាធារណការ និងដឹកជញ្ជូនសន្យាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែកឱ្យកាន់តែរស់រវើកដើម្បីកាត់បន្ថយខូតខាតផ្លូវជាតិ និងកាន់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

លោក តូច ចាន់កុសល់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បន្ថែមពីនេះទៀតក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន១០គ្រឿងបន្ថែមដើម្បីលើកស្ទួយការដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាព ដែលដឹកទំនិញបានច្រើន ខណៈផ្លូវដែកបានកំពុងតភ្ជាប់ដាក់ឱ្យដំណើរការរួចរាល់បច្ចុប្បន្ននេះ។

លោក ចាន់កុសល់ បានបញ្ជាក់ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ ថា ការដឹកជញ្ជូនតាមរថភ្លើងនេះ គឺបើកទាំងយប់ទាំងថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញមានភាពឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ ហើយសកម្មភាពនេះនឹងធានាឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវជាតិមានការធ្លាក់ចុះផងដែរ។

លោក បានថ្លែងថា “ធ្វើយ៉ាងណាឱ្យស្ថានភាពតាមផ្លូវជាតិមានភាពធូរថយ ព្រោះគោលបំណងរបស់រថភ្លើងធំ ទី១កាត់បន្ថយការដឹកជញ្ជូនធ្ងន់លើផ្លួវជាតិ ដើម្បីកុំឱ្យខូចផ្លូវ ទី២កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ការធ្វើចរាចរណ៍តាមរថភ្លើងមានសុវត្ថិភាពជាងផ្លូវឡាន ទី៣កាត់បន្ថយការបំពុលបរិស្ថាន ព្រោះរថភ្លើងអូសក្បាលបីបានរហូតទំនិញ៣០ទូ៤០ទូ ចឹងវាស្មើនឹង៣០ឡាន៤០ឡាន ចឹងការបំពុលបរិស្ថាន និងការគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ”។

ការដឹកជញ្ជូនទិញតាមរថភ្លើង គឺមានចំនួនជាង១ម៉ឺនតោនក្នុងឆ្នាំ២០១៩ ដែលមានការកើនឡើងជាងឆ្នាំ២០១៨ បន្ទាប់ពីផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនកម្ពុជា ថៃ បានកែលម្អរួចរាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here