ដោយៈ រ៉ាណេត
ភ្នំពេញៈ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម បាននិងកំពុងធ្វើពិពិធកម្មទីតាំងរោងចក្រ សហគ្រាស និងឃ្លាំងទៅកាន់បណ្តាខេត្តនានា ដើម្បីសម្រួលដល់ការនាំចេញ និងតម្រូវការប្រើប្រាស់កំលាំងពលកម្ម។
នៅពេលនិយាយពីវិស័យរោងចក្រ សហគ្រាស ភាគច្រើនត្រូវបានគេផ្តោតសំខាន់ទៅខេត្តកំពង់ស្ពឺ ដែលមានផ្លូវជាតិលេខ៤ ផ្តល់ភាពល្អប្រសើរសម្រាប់ការដឹកជញ្ជូនឆ្ពោះទៅកាន់កំពង់ផែអន្តរជាតិ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារសាកល។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់នាព្រឹកថ្ងៃទី២២ មករាកន្លងមកថា មុនពេលសម្រេចជ្រើសរើសទីតាំងសម្រាប់បង្កើតជារោងចក្រ សហគ្រាស និងឃ្លាំង គ្រប់អ្នកវិនិយោគទាំងអស់ សុទ្ធតែបានគិតគូរយ៉ាងល្អិតល្អន់ទៅលើផលប៉ះពាល់ និងភាពងាយស្រួលក្នុងកិច្ចប្រតិបត្តិការផលិត និងដឹកជញ្ជូន។
លោកស្រីបានបន្តទៀតថា “ជាក់ស្ដែងដូចជាខេត្តកំពង់ស្ពឺ កណ្តាល ហេតុផលដែលមានរោងចក្រច្រើន គឺដោយសារតែខេត្តទាំងនេះ មានកត្តាភូមិសាស្ត្រល្អជាងបណ្តាខេត្តដទៃទៀត ដែលក្រៅពីមានវិសាលភាពដីធំទូលាយ តម្លៃទាប ងាយស្រួលក្នុងការទិញ និងអភិវឌ្ឍន៍ គឺនៅមានផ្លូវជាតិលេខ៤ ដែលបម្រើជាប្រយោជន៍ក្នុងការដឹកជញ្ជូន។
លោកស្រីបានមានប្រសាសន៍ ក្រៅពីខេត្តកំពង់ស្ពឺ តំបន់ខេត្ត / ក្រុង ដែលមានភាពទាក់ទាញនៅក្នុងវិស័យនេះ រួមមានដូចជា ខេត្តកណ្តាល កំពត (តំបន់ផ្លូវជាតិលេខ៣) កំពង់ចាម និងខេត្តកំពង់ឆ្នាំង ព្រោះខេត្តទាំងអស់នេះ សុទ្ធតែមានផ្លូវជាតិសំខាន់ៗដែលអនុគ្រោះដល់វិស័យដឹកជញ្ជូនសម្រាប់ការនាំចេញទាំងអស់។

ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃដដែលថា អ្នកវិនិយោគក្នុងវិស័យរោងចក្រ ឧស្សាហកម្មនានា បានគិតទៅលើកត្តាធំៗមុនពេលសម្រេចជ្រើសទីតាំង ដោយពួកគេគិតលើរឿងមួយចំនួនដូចជា ទី១ ពិនិត្យទៅលើទីផ្សារនៃកម្លាំងពលកម្ម ទី២ ពិនិត្យទៅលើមធ្យោបាយនៃការដឹកជញ្ជូនរួមមាន (ផ្លូវថ្នល់) ហើយទី៣ គឺទំហំនៃការផ្គត់ផ្គង់ថាមពល សម្រាប់ដំណើរការចង្វាក់ផលិតកម្ម ដែលកត្តាទាំងនេះ គឺជារឿងសំខាន់បំផុត។
លោកឧកញ៉ាបានបញ្ជាក់ថា “វាជាការពិត នៅពេលដែលមានតម្រូវការប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍លើវិស័យរោងចក្រ សហគ្រាស គឺបានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់មានការឡើងថ្លៃ ហើយក៏អាចចូលរួមជំរុញ ឱ្យមានការអភិវឌ្ឍលើវិស័យលំនៅដ្ឋានផងដែរ ខណៈដែលកម្លាំងកម្មករសុទ្ធតែមានតម្រូវការស្នាក់នៅក្នុងពេលបម្រើការងារ”៕







