ក្រសួងសាធារណៈការកំពុងរៀបចំលិខិតស្នើសុំគោលការណ៍ពីសម្តេចតេជោដើម្បីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ២

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចំលិខិតស្នើរគោលការណ៍ អនុញ្ញាត្តិពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន ក្នុងការកំណត់ពេលវេលា បើកការរដ្ឋានពង្រីកផ្លូវជាតិលេខ២នាពេលខាងមុខនេះ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រាប់គេហទំពរ propertyarea.asia នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០កន្លងមកថា ក្រសួងកំពុងរៀបចំលិខិ ស្នើសុំគោលការណ៍ពីសម្តេចតេជោ ដើម្បីកំណត់ថ្ងៃបើករដ្ឋានផ្លូវជាតិលេខ២ និងបើកឱ្យដំណើរផ្លូវជាតិលេខ២១ព្រមជាមួយគ្នា។

លោកបន្តថា “ក្រសួងនឹងជូនដំណឹង នៅពេលវេលាជាក់លាក់បន្ថែមទៀតជុំវិញការបើកការដ្ឋានផ្លូវជាតិលេខ២នេះ បន្ទាប់ពីក្រសួងទទួលបានការអនុញ្ញាត ពីសម្តេចតេ​ជោ ហ៊ុនសែន”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ផ្លូវជាតិលេខ២ នឹងចាប់ផ្តើមបើកការដ្ឋានស្ថាបនានៅក្នុងឆ្នាំ២០២០ខាងមុខនេះ ខណៈគ្រឿងចក្របានដឹកមកដល់ប្រទេសកម្ពុជារួចហើយ ហើយថវិកាក៏មានគ្រប់គ្រាន់ ដោយត្រៀមពេលវេលាសមស្រប ស្នើសុំសម្តេចតេជោហ៊ុន សែន រកពេលវេលាអញ្ជើញបើកការដ្ឋានជាផ្លូវការ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា “ស្របជាមួយគ្នានេះ ក៏នឹងរៀបចំបើកសម្ពោធឱ្យដំណើរជាផ្លូវការនូវផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅស្រុកកោះធំ ហើយជាមួយគ្នានោះនឹងបើករដ្ឋានស្ថាបនាផ្លូវជាតិលេខ២ និង ផ្លូវជាតិលេខ២២ នៅឆ្នាំ២០២០នេះផងដែរ” ។

ការស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ២ ដោយរាប់ចាប់ពីតាខ្មៅ ដល់អូរចំបក់ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់ទីប្រជុំជនអង្គតាសោម គឺស្ថិតក្រោមគម្រោងឥណទានសម្បទានចំនួន៤៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសប្បទានពីរដ្ឋាភិបាលកូរ៉េ ។

គម្រោងផ្លូវជាតិលេខ២ មានប្រវែង៦៦គីឡូម៉ែត្រ ដោយក្នុងនោះចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រនៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូAC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។

រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា៤គន្លង៕

LEAVE A REPLY

Please enter your comment!
Please enter your name here