សម្តេចតេជោនឹងចូលរួមដោះស្រាយបញ្ហាធំៗរបស់វិស័យឯកជននាខែមេសាខាងមុខ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាល់បញ្ហាប្រឈម និងផលលំបាកផ្សេងៗរបស់វិស័យឯកជនដែលកំពុងតែដំណើរការនៅទូទាំងប្រទេសកម្ពុជា នឹងត្រូវបានលើកយកមកធ្វើការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយជូនក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅដើមខែមេសា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន តែងបើកវេទិកាជួបជាមួយអ្នកតំណាងវិស័យឯកជន ដែលរួមមានក្រុមការងារពិសេសទាំង១៣របស់សភាពាណិជ្ជកម្មកម្ពុជា បណ្តាស្ថាប័ន និងអន្តរក្រសួងនានាដែលពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតំណាងវិស័យឯកជនផ្សេងទៀត ដើម្បីជួយជជែក និងលើកយកបញ្ហាប្រឈមនានាដែលជាឧបស័គ្គនៅក្នុងកិច្ចដំណើរការនៃមុខជំនួញ។

លោកឧកញ៉ាបន្តទៀតថា សម្រាប់វេទិកាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ គឺជាលើកទី១៩ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយនូវផលលំបាករបស់បណ្តាពាណិជ្ជករជាតិ និងអន្តរជាតិ ដែលកំពុងតែមានដំណើរការនៅទូទាំងប្រទេសកម្ពុជា លោកឧកញ៉ាបានបញ្ជាក់ថា វេទិកាមួយនេះមានសារសំខាន់បំផុតសម្រាប់វិស័យឯកជនទូទៅ ហើយក៏ជាផ្នែកមួយជួយសម្របសម្រួល និងជំរុញឱ្យរាល់ការធ្វើជំនួញនានា មានដំណើរការប្រកបដោយរលូន ក្រោមការចូលរួមយកចិត្តទុកដាក់ពីសំណាករាជរដ្ឋាភិបាលកម្ពុជា

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេលនេះ បញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនទៀត របស់វិស័យឯកជន គឺពាក់ព័ន្ធជាមួយនឹងពន្ធដារ ដែលទាមទារឱ្យមានការដំណោះស្រាយ និងសម្របសម្រួលក្នុងភាពជាដៃគូយ៉ាងចាំបាច់។ វិស័យឯកជននៅតែមានការព្រួយបារម្ភទៅលើបញ្ហាសវនកម្មដែលមិនមានសុក្រិត្យភាព

លោកឧកញ៉ាបានបន្តទៀតថា កាលពីពេលកន្លងទៅ មន្ត្រីជំនាញមិនបានចុះធ្វើសវនកម្មជាប្រចាំឆ្នាំនោះទេ រាប់ទាំងក្រុមហ៊ុន និងសហគ្រិនខ្នាតតូច និងធម្យមផងដែរ លុះពេលចុះធ្វើសវនកម្ម គឺតែងតែខុសពីការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដែលភាគីខាងពាណិជ្ជករមានកំហុស និងត្រូវទទួលការពិន័យជាប្រចាំ។ ដូច្នេះ បញ្ហាមួយនេះក៏អាចនឹងត្រូវលើកយកមកពិភាក្សា និងស្នើសុំដល់រដ្ឋាភិបាលជួយអន្តរាគមន៍

បច្ចុប្បន្ននេះ គ្រប់បណ្តាពាណិជ្ជករ ដែលជាអ្នកវិនិយោគទាំងជាតិ អន្តរជាតិកាន់តែមានភាពងាយស្រួល និងកក់ក្ដៅជាងមុន ដោយសារតែរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងឧបសគ្គនានា ដើម្បីជំរុញការវិនិយោគប្រកបដោយភាពរលូន។

កិច្ចការដែលរដ្ឋាភិបាលព្យាយាម ដោះស្រាយជូនជាចម្បង គឺការធ្វើកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ជាពិសេសទៅលើបញ្ហានីតិវិធីពន្ធគយ និងពន្ធដាមួយចំនួន ក្នុងការរៀបចំរត់ការឯកសារជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here