ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនផ្តល់សេវាជួលរថយន្តធំបំផុត នៅលើពិភពលោកHertz Asia ដែលមានមូលដ្ឋាននៅសឹង្ហបូរី បានសហការជាមួយក្រុមCity Link Transportation (Cambodia) ដើម្បីបម្រើសេវាកម្មរថយន្ត និងដឹកជិញ្ជួនអ្នកធ្វើដំណើរនៅកម្ពុជា។

ក្រុមហ៊ុនជួលរថយន្តនៅកម្ពុជានេះ នឹងប្រតិបត្តិការម៉ាកHertz ជាច្រើនដូចជា Hertz, Dollar, Thrifty និង Firefly –នៅរាជធានីភ្នំពេញ ដែលមានរថយន្តចាប់ពីរថយន្តតូចរហូតដល់រថយន្តប្រណីត។ នេះបើយោងតាមរបាយការណ៍របសគេហទំព័រ TTGAsia ចុះផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន City Link ក៏នឹងផ្តល់ជូននូវសេវា Hertz Chauffeur Drive (សេវាដឹកអ្នកដំណើរសម្រាប់អាជីវកម្ម) សម្រាប់ការផ្ទេរព្រលានយន្តហោះ និងអ្នកធ្វើដំណើរអាជីវកម្មផងដែរ។
លោក Eoin Macneill អនុប្រធានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Hertz បានមានប្រសាសន៍ថា “នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនHertz បានប្រគល់ម៉ាកសញ្ញាទាំង៤ដល់យីហោផ្តាច់មុខមួយនៅអាស៊ី ហើយបង្ហាញថាយើងជឿជាក់ថា ក្រុមហ៊ុន City Link មានជំនាញក្នុងការផ្តល់ជូននូវដំណោះស្រាយ ភាពចល័តជាមួយសេវាកម្មដ៏អស្ចារ្យដែលអតិថិជនរបស់យើងបានរំពឹងទុក”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនHertz បានឱ្យដឹងថា តម្រូវការជួលនឹងកើនឡើងនាពេលអនាគត ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១៥លាននាក់រំពឹងនឹងមកទស្សនាប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០។

លោក Macneill បានថ្លែងថា ខណៈអ្នកដំណើរដឹងកាន់តែច្បាស់ ពីប្រទេសកម្ពុជា និងមានឱកាសបើកបរដោយខ្លួនឯង ក្រុមហ៊ុនHertz អាចជួយអ្នកធ្វើដំណើរឱ្យរកឃើញសោភ័ណភាពរបស់ប្រទេសនេះ តាមរយៈសេវាកម្មជួលរថយន្តជាច្រើន”។
លោកបានបន្តថា “យើងមានការរំភើបចំពោះភាពជាដៃគូHertzនិងCity Link ហើយជឿជាក់ថា នឹងមានអនាគតដ៏ល្អសម្រាប់យើងនៅទីនេះ ជាមួយដៃគូថ្មីរបស់យើងនៅកម្ពុជា”៕






