ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងនៃការសាងសង់សំណង់អគារទីស្ដីការរបស់ក្រសួងរៀបចំដែនដីរគរូបនីយកម្ម និងសំណង់ ថ្មីមួយទៀតត្រូវបានប្រកាសជាមួយស្ថាបត្យកម្មថ្មីដែលមានវិសាលភាព និងទីធ្លាធំទូលាយជាងអគារទីស្ដីការចាស់ និងអាចធានាក្នុងការជួយសម្រួលដល់ការងារបានយ៉ាងប្រសើរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ដែលត្រូវបានផុសដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា នៅលើបណ្តាញទំនាក់ទំនងរបស់លោកផ្ទាល់កាលពីចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីក្រុងពាលី និងចាប់ផ្តើមបើកដំណើរការការដ្ឋានសាងសង់អាគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧,១៥នាទី ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតក្លោងទ្វារ ហ្គ្រេនភ្នំពេញ ហ្គោលក្លឹប)។
ការសម្រេចសាងសង់សំណង់អគារទីស្ដី ការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្មីនេះ ដោយសារបង្កភាពងាយស្រួល ក្នុងការរៀបចំអង្គពិធីនៃកិច្ចប្រជុំធំៗដែលអាចមានវិសាលភាព សម្រាប់មន្ត្រីក្រសួងបានច្រើននាក់ និងមានទីធ្លាសម្រាប់ចំណតយានយន្តបានច្រើនជាងអគារទីស្ដីការក្រសួងចាស់នាពេលបច្ចុប្បន្ន។
យោងតាមប្រភពព៌តមានពីមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ទីស្តីការក្រសួងរៀបចំដែនដីថ្មី នឹងសាងសង់លើផ្ទៃដី ៣ហិកតា មានកម្ពស់ ៥ជាន់ និងមានផ្ទៃក្រឡាសំណង់ជាង ៥ម៉ឺនម៉ែត្រការ៉េ។ នៅក្នុងគម្រោងអគារនេះ ត្រូវបានបែងចែកចេញជា២ គឺអគារទីស្តីការក្រសួង និងអាគារពិសោធន៍សំណង់៕






