ដោយយិន លាងគង់ៈស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia
ភ្នំពេញៈ កំដៅនយោបាយនៅកម្ពុជា កំពុងមានសភាពជ្រៀលជ្រេ ដូចកំដៅព្រះអាទិត្យនាម៉ោង៤ល្ងាចហើយ ហើយស្ថានភាពនៃការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងសកម្មភាពទិញលក់មួយចំនួន ក៏ហាក់មានសភាពយឺតយ៉ាវផងដែរ ដោយសារបញ្ហាប្រឈមមួយចំនួន។

ភាពមិនច្បាស់លាស់នៃបញ្ហាចំពោះមុខ លើការត្រលប់មកវិញរបស់់អ្នកវិនិយោគចិន និងបញ្ហាប្រព័ន្ឋអនុគ្រោះពន្ឋលើមុខទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ(EBA) កំពុងស្ថិតក្នុងមន្ទិលរបស់អ្នកវិនិយោគ ដែលកំពុងរង់ចាំអ៊ុតមើលលទ្ឋផលនៅថ្ងៃទី១២ កុម្ភៈខាងមុខ ជាពេលដែលសហគមន៍អឺរ៉ុបនឹងសម្រេចថា តើកម្ពុជានឹងទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋបន្តឬយ៉ាងណា?។
បញ្ហាសង្រ្គាមពាណិជ្ជកម្មចិន អាមេរិក
ការបង្កើតឲ្យមានសង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចធំពីរនៅលើពិភពលោក គឺសហរដ្ឋអាមេរិក និងចិនបាននិងកំពុងក្លាយជារឿងអតីតកាលហើយ ប៉ុន្តែវាជារលកនៃការព្រួយបារម្ភមួយ ដែលមិនទាន់រសាយអស់ពីក្នុងចិត្តប្រជាពលរដ្ឋនៅឡើយ ខណៈសង្រ្គាមនេះមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ប៉ុន្តែសេដ្ឋវិទូនិងអ្នកវិភាគនានាបានបង្ហាញរួចហើយថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ២០២០នេះ។
ទោះជាយ៉ាងណាទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ(UNCTAD)បានអះអាងថា កម្ពុជាជាអ្នកឈ្នះមួយ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អំឡុងពេលសង្រ្គមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេសឆ្នាំ២០១៨ មានចំនួនស្មើនឹង២៣% នៃផលិតផលសរុបក្នុងស្រុករបស់ហុងកុង និងជាង ២២% នៃប្រទេសសឹង្ហបូរី – ភាគរយទាំងពីរខ្ពស់ជាងកន្លែងផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ ដែលខ្ពស់ជាងគេ បន្ទាប់អ្នកទទួលបានភាគរយច្រើនជាងគេ គឺប្រទេសកម្ពុជាដែលទទួលបានលំហូរទុនវិនិយោគផ្ទាល់១២,៦%។
ផ្អែកតាមទិន្នន័យខាងលើនេះ កម្ពុជានៅឆ្នាំ២០១៩អាចជាអ្នកឈ្នះមួយ កំឡុងពិភពលោកកំពុងវិលវល់ ដោយសារសង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក។
បញ្ហាផ្ទៃក្នុងកម្ពុជា
កម្ពុជាបាននិងកំពុងក្លាយជាប្រទេសមួយ ដែលពិភពលោកទទួលស្គាល់ពីការរីកចម្រើនដ៏លឿន តាមរយៈកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់់ខ្លួន។ ប្រទេសនេះបានក្លាយជាឯកគ្គករកំនើន១ក្នុងចំណោមប្រទេសចំនួន១០ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ហើយឆ្នាំ២០១៥កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋនាមកម្ពុជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” ដោយសារប្រទេសនេះ មានសេដ្ឋកិច្ចកើនឡើងជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ជាប់ៗគ្នា។
ឆ្នាំ២០១៥ ធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ជាចំណាត់ថ្នាក់ថ្មីដែលមានន័យថា ប្រទេសនេះបានរួចផុតពីឋានៈប្រទេសក្រីក្រ ដែលមានការអភិវឌ្ឍតិចតួច។

កំឡុងពេលកម្ពុជាកំពុងឆ្ពោះទៅរកវិលុបភាពរបស់ខ្លួន រលកស្សូណាមិ នយោបាយបានកើតឡើងនៅកម្ពុជា ដោយសារការប៉ុនប៉ងបំផ្លាញសន្តិភាព និងនាំមកនូវការផ្លាស់ប្តូរមួយ ដែលមានភាពមិនច្បាស់លាស់ ដែលធ្វើឲ្យអនាគតប្រជាជាតិនេះ អាចប្រឈមសោកនាដកម្មជាថ្មី ខណៈគំនរឆ្អឹង ថ្លុកឈាម នៅស្រស់ៗនៅឡើយ ដោយសារកំហុសអ្នកនយោបាយ ដែលមិនទទួលស្គាល់ភាពមានកម្រិតរបស់ខ្លួន ហើយចូលចិត្តបន្ទោសអ្នកដទៃ។
ផ្តើមចេញពីភូមិសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិនេះហើយ បានធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការណ៍តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់រលកនយោបាយនៃអ្វីដែលគេហៅថា “បដិវត្តន៍ព៌ណ”។
ជាលទ្ឋផលនៃការចាត់វិធានការណ៍នេះ បានធ្វើឲ្យកម្ពុជាស្ថិតក្នុងរូបភាពស្រអាប់នៃក្រសែភ្នែកអន្តរជាតិ ដែលតែងតែយកសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យមកធ្វើជាសំអាង ដើម្បីលុបលាងឬបិទបាំង រឿងអសីលធ៌មរបស់ខ្លួន។
ប្រជាជនកម្ពុជា ដែលធ្លាប់បាក់ស្បាត ដោយសារសង្រ្គាមរាប់់ទសវត្សរ៍ និងជំងឺផ្លូវចិត្តមិនទាន់បានព្យាបាលជាសះនៅឡើយ បានប្រឈមនឹងការភ័យខ្លាចជាថ្មី ហើយខ្មោចចាស់បានលងម្តងទៀត ក្នុងអារម្មណ៍របស់ពួកគាត់។
លទ្ឋផលនៃរលកនយោបាយ សង្រ្គាមពាណិជ្ជកម្ម និងឥទ្ឋពលនៃនយោបាយក្នុងស្រុកផង បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអ្នកមានធនធានច្រើន និងតិចតួចបាននិងកំពុងរង់ចាំអ្វីមួយ ជាជាងហ៊ានទម្លាក់ទុនរបស់ពួកគេ ដើម្បីវិនិយោគលើគំរោងឬការទិញដីធ្លី ផ្ទះសម្បែង។
វាមិនមែនជាកំហុសទេ ប៉ុន្តែវាអាចជាការភ័យខ្លាចមួយ ហើយវាមិនមែនជារឿងជ្រុលនិយមទេ ប៉ុន្តែអតីតកាលបានបង្រៀនពួកគាត់ច្រើនពេក។
បញ្ហាEBA
វាជារឿងរសើបមួយ ដែលអ្នកវិនិយោគជាតិ អន្តរជាតិកំពុងព្រួយបារម្ភ ពិសេសប្រជាជនកម្ពុជា ដែលទន្ទឹងលទ្ឋផលទាំងអន្ទះសារ លើការសម្រេចរបស់សហគមន៍អឺរ៉ុបថាតើត្រូវបន្ត ឬដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជា។

បញ្ហាEBA មិនមែនជាបញ្ហាសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការអនុវត្តស្តង់ដាពីរលើកម្ពុជា ហើយបើសិនជាសហគមន៍អឺរ៉ុបដកEBAពីកម្ពុជា វាមិនមែនជារឿងគោរពសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យនោះទេ ប៉ុន្តែវាជាការបង្ហាញពីការ “មិនគោរពសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យនោះទេ” ព្រោះបើសិនជាពួកគេគោរពសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យ ពួកគេនឹងមិនដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជានោះទេ ព្រោះការដកប្រព័ន្ឋអនុគ្រោះពន្ឋ ទោះតិចឬច្រើន “វានឹងប៉ះពាល់ដល់ជីវភាពកម្មករប្រមាណ៨០ម៉ឺននាក់ និងអ្នកទទួលផលប្រយោជន៍ ដោយប្រយោលប្រមាណ២លាននាក់។
សំណួរនៅទីនេះគឺថា “តើសហគមន៍អឺរ៉ុប ពិតជាគោរពសិទ្ឋមនុស្ស ឬគ្រាន់តែនិយាយតែពីសិទ្ឋមនុស្ស ហើយខ្លួនឯងដើរតួជាឃាតករលាក់មុខទៅវិញ”។
តើរដ្ឋាភិបាលពិតជាព្រងើយកន្តើយនឹងបញ្ហានេះឬ? រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើការយ៉ោងសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ពិសេសផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានបញ្ជូនមន្រ្តី អ្នកជំនាញជាច្រើន ដើម្បីពន្យល់ពីបញ្ហានយោបាយកម្ពុជា និងគោលជំហររបស់ខ្លួនរួចហើយដល់សហគមន៍អន្តរជាតិ និងសហគមន៍អឺរ៉ុបទាក់ទងនឹងសិទ្ឋមនុស្ស និងការលើកស្ទួយលទ្ឋិប្រជាធិបតេយ្យ ដែលបាននិងកំពុងមានភាពចាស់ទុំនៅកម្ពុជា។
កម្ពុជានឹងមិនស្លាប់ទេ ហើយសេដ្ឋកិច្ចកម្ពុជា ក៏នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ដោយសាររដ្ឋាភិបាលបាន និងកំពុងពង្រីកសម្ព័ន្ឋមិត្ត ជាមួយប្រទេសជាដៃគូដទៃទៀត តាមរយៈការចចារពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន កូរ៉េ ជប៉ុន និងការពង្រីកការនាំចេញក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានជាដើម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាបានកំនើនល្អប្រសើរបន្តទៀត។
សារដ៏ច្បាស់លាស់
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់សារដ៏ច្បាស់លាស់ម្តងហើយម្តងទៀតថា “កម្ពុជានឹងមិនអោនក្បាល ដើម្បីដោះដូរនឹងអធិបតេយ្យភាពរបស់ខ្លួននោះទេ”។
សារដ៏ច្បាស់លាស់នេះ មានន័យរួចទៅហើយថា ប្រមុខរដ្ឋាភិបាលដែលបានដឹកនាំប្រទេសចេញពីបាតដៃទទេរូបនេះ បាននិងកំពុងគិតគូរ និងរៀបចំរួចហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅពេលកម្ពុជាបាត់បង់ប្រព័ន្ឋអនុគ្រោះពន្ឋ ហើយប្រមុខរដ្ឋាភិបាលនឹងមិនទុកឲ្យកម្ពុជារងសោកនាដកម្មជាថ្មី ហើយម្លប់សន្តិភាពនឹងមិនត្រូវបំផ្លាញ ដោយអ្នកនយោបាយដ៏ឆើតឆាយមួយក្រុមនោះឡើយ។

រដ្ឋាភិបាលបានកែទម្រង់ លើប្រព័ន្ឋការិយាធិបតេយ្យមួយចំនួនរួចហើយ ដូចជាលុបចោលនូវស្ថាប័នកាំសាប ស្ថាប័នកាំកុងត្រូល ប្រព័ន្ឋស៊ីអូ និងការងារមិនចាំបាច់មួយចំនួនទៀត ដើម្បីលើកទឹកចិត្តអ្នកវិនិយោគេះជាតិ អន្តរជាតិ។
ហេតុនេះប្រសិនជាបញ្ហាEBA នឹងត្រូវដកចេញពីកម្ពុជា កម្ពុជានឹងមិនស្លាប់នោះទេ ដោយសារបណ្តាប្រទេសជាមិត្តនៅតែគាំទ្រកម្ពុជា ហើយច្បាស់លាស់ណាស់ ប្រមុខ រដ្ឋាភិបាលនឹងលុបចោល ឬលើកទឹកចិត្តអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀត ដើម្បីជំរុញបរិយាកាសវិនិយោគកាន់តែប្រសើរឡើង និងមិនចាកចេញពីកម្ពុជា ហើយជំនួសវិញពួកគេនឹងទទួលបានកាដូថ្មីណាមួយ ពីប្រមុខរដ្ឋាភិបាលរបស់ប្រទេសនេះ។
តើវិស័យសំណង់និងអចលនទ្រព្យនឹងនៅតែរីកចម្រើន?
សារដ៏ច្បាស់លាស់មួយ ដែលមានភាពប្រាកដប្រជាជាងការនិយាយនោះគឺថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើន ដោយសារលំហូរទុនវិនិយោគក្នុងវិស័យសំណង់កាលពីឆ្នាំ២០១៩ បានកើនទឹកប្រាក់ជាង១១ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ៧៨ភាគរយ ធៀបនឹងឆ្នាំ២០១៨។
ទំហំទឹកប្រាក់ដ៏ច្រើននេះ បាននិងកំពុងចាក់ចូលចរន្តសេដ្ឋកិច្ចស្ទើរគ្រប់ផ្នែក ដែលជំរុញឲ្យសេដ្ឋកិច្ចនៅតែមានភាពរសរវើក និងធ្វើឲ្យវិស័យនេះបន្តមានលទ្ឋភាពធំធាត់បនម្តទៀត ដោយសារទំហំទុននិងគំរោងវិនិយោគនិមួយៗ មិនបញ្ចប់ត្រឹមរយៈពេល១ឆ្នាំឬ២ឆ្នាំនោះទេ។
ទោះបីជារលកនយោបាយ ដែលជាកត្តាខាងក្នុង និងបញ្ហាEBAជាកត្តាខាងក្រៅកំពុងក្លាយជាបញ្ហាប្រឈមថ្មីសំរាប់ឆ្នាំ២០២០ក្តី ប៉ុន្តែកម្ពុជានៅតែជាភូមិសាស្រ្តមានភាពអំណោយផលក្នុងតំបន់អាស៊ាន ពិសេសកម្ពុជាមានបរិយាកាសយ៉ាងប្រសើរ ដែលលើកទឹកចិត្តអ្នកវិនិយោគជាតិ អន្តរជាតិ ដោយសារសេដ្ឋកិច្ចនឹងបន្តរីកចម្រើន(ទោះជាអាចថយកំនើន) ច្បាប់វិនិយោគនៅតែបើកចំហ និងទាក់ទាញការវិនិយោគ ច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ និងលក្ខខ័ណ្ឌអំណោយផលជាច្រើនទៀត។
ហេតុនេះ លំហូរនៃការវិនិយោគផ្ទាល់ពីការវិនិយោគក្នុងស្រុក និងមកពីបរទេសទោះបីមានសភាពថមថយបន្តិចក្តី ប៉ុន្តែនេះជានិន្នាការធម្មតា ដែលតែងតែកើតមាននៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក។
សំណួរចុងក្រោយគឺថា តើស្ថិតក្នុងកាលៈទេសៈបែបនេះ អ្នកវិនិយោគគួរបន្តវិនិយោគបន្ថែមទៀតឬរង់ចាំមើលសិន? ចម្លើយដែលអ្នកវិនិយោគឆ្លាតវៃ តែងតែនិយាយគឺ “អ្នកវិនិយោគឆ្លាតវៃ មើលឃើញឳកាសក្នុងពេលមានបញ្ហា ហើយតែងតែចាប់យកឳកាសនៅពេលដែលអ្នកដទៃមិនហ៊ានចាប់យក”។
តើអ្នកវិនិយោគគួររង់ចាំមើលឳកាស ឬចាប់យកឳកាស ដែលអ្នកដទៃមិនហ៊ានចាប់ផ្តើម? ចម្លើយ គឺឳកាសមានគ្រប់កាលៈទេសៈ សំរាប់អ្នកវិនិយោគដែលវាងវៃ និងជោគជ័យ។
តើអ្នកនៅឈរមើល នៅពេលដែលគេកំពុងដើរទៅមុខ ឬដើរទៅមុខ ដើម្បីចាប់យកឳកាស ដែលមនុស្សមួយចំនួនកំពុងមើលរំលង???៕






