ខេត្តព្រះសីហនុចាប់ផ្តើមផ្តល់ក្តីសង្ឃឹមថ្មី ខណៈលំហូរទេសចរនិងវិនិយោគិន អន្តរជាតិកើនឡើង

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ខេត្តព្រះសីហនុនាដើមឆ្នាំ២០២០នេះ បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗវិញហើយ បន្ទាប់ពីជួបភាពអាប់អួរកាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ជាពិសេសក្រោយពេលរដ្ឋាភិបាល បានខិតខំស្ដារនូវហេដ្ឋារចនាសម្ព័ន្ពនានានៅទូទាំងខេត្ត រួមជាមួយនឹងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកបន្ថែមទៀត។

តាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ កំពុងតែត្រូវបានរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស នៅក្នុងតំបន់កណ្តាលក្រុងដែលជាទីបណ្តុំនៃសំណង់មណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ។

ស្ថិតនៅក្នុងតំណាក់កាលនៃការស្ដារឡើងវិញ នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ទីកន្លែងបន្ថែមពីលើសកម្មភាព ដែលកំពុងសាងសង់បញ្ចប់គម្រោង ដែលទើបតែសម្រេចបានប្រមាណ៣៤ភាគរយ ក្រោយពេលកម្លាំងពលកម្មជនជាតិចិនចាកចេញ បច្ចុប្បន្ននេះ ក្រុងព្រះសីហនុបានចាប់ផ្តើមមានភាពទាក់ទាញសារជាថ្មី ដោយមានកំនើនទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តសារជាថ្មី។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន បានបង្ហាញពីក្ដីសាទរជាមួយកំណើនភ្ញៀវទេសចរ ជាពិសេសក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនកាលពីពេលកន្លងទៅនេះ បានកើនឡើងរហូតដល់ជាង៩ម៉ឺននាក់។

លោកស្រីបានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា កំណើនខាងលើនេះ បើទោះជាវាមានកម្រិតតិចតួច ប៉ុន្តែវាជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ភាពល្អប្រសើរបានវិលត្រឡប់មកវិញជាបណ្តើរៗហើយនឹងកាន់តែល្អជាងនេះទៀត ក្រោយការរៀបចំតំបន់កម្សាន្តសាធារណៈនានា ដូចជាតំបន់ឆ្នេរ សួនច្បារ ការកំណត់គុណភាពសេវាកម្ម និងតម្លៃ ដែលក្រសួងបានដាក់ចេញ

ជាមួយនឹងក្ដីសាទរខាងលើនេះ លោកស្រី ឆាយ ស៊ីវលីន ក៏បានពីជំនឿជឿជាក់ថា សម្រាប់ពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ជាពិសេសក្រោយពេលយុទ្ធនាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តត្រូវបានបញ្ចប់ ហើយគម្រោងសាងសង់សំណង់ធំៗបានសាងសង់រួចរាល់ជាស្ថាពរ នោះនឹងមានកំណើនទេសចរណ៍អន្តរជាតិចូលមកស្នាក់នៅ និងកម្សាន្តក្នុងរយៈពេលវែងយ៉ាងប្រាកដ។

ភ្ជាប់ជាមួយនឹងភាពល្អប្រសើរ នៃការកើនឡើងនូវចំនួនទេសចរនៅពេលនេះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុនបានមានប្រសាសន៍ថា បើទីតាំងស្អាត ប៉ុន្តែមានភាពលំបាកក្នុងការធ្វើដំណើរ ក៏ពិបាកក្នុងការទាក់ទាញផងដែរ។

លោកស្រីបានបន្តទៀតថា នៅពេលមានផ្លូវល្អងាយស្រួលធ្វើដំណើរ និងមានសុវត្ថិភាពខ្ពស់ ភាពទាក់ទាញនឹងកើតមាន លោកស្រីបន្តថា នៅពេលទេសចរមានការកើនឡើង តម្រូវការនៃការប្រើប្រាស់ទីកន្លែងស្នាក់នៅរយៈពេលខ្លី ឬរយៈពេលវែង កន្លែងទទួលទានអាហារ ក៏ដូចជាទីកន្លែងសម្រាប់លំហែរកាយបែបកែច្នៃផ្សេងៗ ក៏នឹងកើតមាន ដែលទាំងអស់នេះសុទ្ធតែជាចំណែកមួយ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ដីសម្រាប់សាងសង់ទាំងអស់ ដែលអាចជួយជំរុញឱ្យភាពល្អប្រសើរ ដល់ទីផ្សារអចលនទ្រព្យក្នុងតំបន់

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co,.Ltd លោក ម៉ម សិរីបញ្ញា បានទទួលស្គាល់ពីភាពល្អប្រសើរជាបណ្តើរៗរបស់ក្រុងព្រះសីហនុ ប៉ុន្តែពាក់ព័ន្ធទៅនឹងស្ថានភាព និងតម្លៃអចលនទ្រព្យនៅទូទាំងខេត្តព្រះសីហនុមានសភាពយ៉ាងណានោះ លោកថាត្រូវចំណាយពេលសិក្សា និងទន្ទឹងរង់ចាំមើលពីល្បឿននៃការអភិវឌ្ឍបន្តិចទៀត។

លោកបញ្ជាក់ថា តម្រូវការនៃការប្រើប្រាស់ដីធ្លី ក៏ដូចជាសំណង់អគារស្នាក់នៅ ពេលនេះ ហាក់មិនទាន់មានភាពល្អប្រសើរនោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែសភាពបែបនេះអាចនឹងមានការប្រែប្រួលនៅពេលដ៏ខ្លីខាងមុខនេះ លោកបានបន្តទៀតថា ស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងព្រះសីហនុនាពេលនេះ ក្រៅពីសកម្មភាពនៃការសាងសង់គម្រោង ដែលបន្សល់ពីឆ្នាំចាស់នោះ ហាក់នៅមិនទាន់ឃើញមានសំណង់ថ្មីដែលជាគម្រោងថ្មីណាមួយ ដែលមានទ្រង់ទ្រាយធំនៅឡើយនោះទេ

ជាមួយនឹងសុទិដ្ឋិនិយមខាងលើនេះ អគ្គនាយកក្រុមហ៊ុន R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសក្រោយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តរបស់រដ្ឋាភិបាលត្រូវបានបញ្ចប់។

លោកឧកញ៉ាបានបន្តថា យើងទទួលស្គាល់ថា ការចាកចេញរបស់កម្លាំងពលកម្មជនជាតិចិនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យពិតមែន ប៉ុន្តែវាអាចត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះលោកបន្តទៀតថា តាមពិតវាគឺជារឿងល្អទៅវិញទេ ចំពោះការចាកចេញរបស់កម្លាំងពលកម្ម ជនជាតិជិនទាំងនោះ ដោយជំនួសមកវិញនូវវត្តមានវិនិយោគិន ដែលជាអ្នកជំនួញយ៉ាងពិតប្រាកដ ខណៈដែលរដ្ឋាភិបាលបានខិតខំព្យាយាមទាក់ទាញ អ្នកវិនិយោគមកពីបរទេសជាច្រើនមកកាន់កម្ពុជា

លោកឧកញ៉ាតេង រិទ្ឋីបានបញ្ជាក់ថា នៅពេលហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍន៍ ភាពទាក់ទាញលើការវិនិយោគនឹងកើតមាន ដែលទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យវិស័យអចលនទ្រព្យមានភាពល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here