ដោយៈ រ៉ាណេត
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងបើកសម្ពោធការដ្ឋានសាងសង់សំណង់អគារទីស្ដីការក្រសួងថ្មី។

អាគារទីស្តីការក្រសួងថ្មីនេះ ស្ថិតក្នុងសង្កាត់ឃ្មូញ ខណ្ឌសែនសុខ មានកម្ពស់៥ជាន់ ក្រោមការរចនាតាមបែបស្ថាបត្យកម្មខ្មែរ និងមានវិសាលភាពធំទូលាយជាងអគារទីស្ដីការក្រសួងចាស់ស្ថិតនៅបណ្តោយផ្លូវព្រះមុនីវង្សនាពេលបច្ចុប្បន្ន។
គំរោងសាងសង់អាគារទីស្តីការក្រសួងថ្មីនេះ គ្រោងចំណាយពេលសាងសង់យ៉ាងយូរត្រឹមរយៈពេល២ឆ្នាំ។
សំណង់អគារទីស្ដីការថ្មីមួយនេះមានកម្ពស់៥ជាន់ សាងសង់នៅលើផ្ទៃដីសរុបចំនួន៣ហិកតា ដោយមានទំហំផ្ទៃអគារប្រើប្រាស់ជិត៥ម៉ឺនម៉ែត្រការ៉េ។ គម្រោងអគារថ្មីនេះ ក៏ត្រូវបានបែងចែកចេញជា២ផ្នែកផងដែរ រវាងអគារទីស្តីការ និងអគារពិសោធន៍សំណង់ ដោយរួមបញ្ចូលនូវចំណែកនៃសាលសម្រាប់បណ្តុះបណ្តាលមន្ត្រីជាន់ក្រោម និងផ្នែកសម្រាប់ទុកដាក់ឯកសារផងដែរ។
អគារទីស្តីការក្រសួងថ្មីនេះនឹងបង្ហាញពីរចនាបថខ្មែរ និងត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចជំនួបប្រជុំធំៗ ដែលមានចំនួនសមាជិកច្រើន ហើយថែមទាំងមានទីធ្លាសម្រាប់ទុកដាក់យានយន្តផងដែរ៕










