ដោយ ប៊ី
ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងនៅកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រពីរធំៗក្នុងការជ្រោមជ្រែងដល់ការរីកចម្រើនរបស់អតិថិជនរបស់ខ្លួន រួមមាន ការជំរុញការផ្តល់កម្ចីជាប្រាក់រៀល និងបន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំខ្ពស់រហូតដល់ ៨% ក្នុងមួយឆ្នាំជូនអតិថិជនប្រាក់បញ្ញើ ឬ អតិថិជននៅសល់ប្រាក់ទំនេរពីការវិនិយោគ ហើយមកដាក់សន្សំនៅប្រាសាក់។ ទន្ទឹមការផ្តោតការយកចិត្តទុកដាក់លើចំណុចខាងលើនេះ ប្រាសាក់ ក៏នៅតែបន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុឌីជីថលរបស់ខ្លួនឱ្យកាន់ទំនើបសម្បូរបែបដើម្បីបំពេញតាមតម្រូវការរបស់អតិថិជននាយុគសម័យថ្មី។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ឱ្យ Propertyarea.asia ដឹងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា ប្រាសាក់ កំពុងបន្តជំរុញឱ្យប្រជាជន ពិសេសអតិថិជនដែលត្រូវការទុន ធ្វើការប្រើប្រាស់ប្រាក់រៀលខ្មែរ តាមរយៈកម្ចីជាប្រាក់រៀលពីប្រាសាក់ ដើម្បីឱ្យអតិថិជនដែលជា អាជីវករ ពាណិជ្ជករ ឬ ប្រជាជនដែលប្រកបរបរកសិកម្ម អាចធ្វើការប្រើសាច់ប្រាក់ជាប្រាក់រៀលប្រកបដោយប្រសិទ្ធភាពខ្ពស់ ទទួលបានការប្រាក់ទាប មិនខាតលើអត្រាប្តូរប្រាក់ និងចូលរួមចំណែកក្នុងការលើកស្ទួយប្រាក់រៀលខ្មែរផងដែរ។
លោកក៏បានបន្ថែមដែរថា គ្រប់អតិថិជនដែលសល់សាច់ប្រាក់ទំនេរអាចសន្សំនៅប្រាក់បានយ៉ាងស្រួល ពិសេសគឺនៅទទួលបានអត្រាការប្រាក់បញ្ញើសន្សំដែលប្រាសាក់បន្តដំឡើងរហូតដល់៨%ក្នុងមួយឆ្នាំជូនគ្រប់អតិថិជន។
លោកបន្តថា «ប្រាសាក់ បាននិងកំពុងបន្តធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ពិសេសគឺ សេវាធនាគារចល័ត ឬ ម៉ូបាលប៊ែងឃីង (Mobile Banking) ឬ អ៊ីនធើណែតប៊ែងឃីង (Internet Banking) ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនដែលមានភាពមមាញឹកក្នុងការងារ ឬ អាជីវកម្ម ដោយសម្រួល និងជួយឱ្យពួកគាត់ធ្វើការចាត់ចែងសាច់ប្រាក់បានដោយខ្លួនឯងតាមរយៈទូរស័ព្ទដៃ ឬ កុំព្យូទ័រ គ្រប់ពេលវេលា និងទីកន្លែង ដោយមិនកម្រៃសេវាក្នុងការធ្វើប្រតិបត្តិការ។ អ្វីដែលជាការងាយស្រួលខ្លាំងមែនទែននោះ គឺ អតិថិជនអាចធ្វើការផ្ទេរប្រាក់ ឬទូទាត់ប្រាក់ទៅកាន់ដៃគូជំនួញ ឬ ញាតិមិត្ត បានរហូតដល់ ១០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ ដោយមិនគិតថ្លៃសេវា»។
ហេតុនេះអតិថិជន ឬ ប្រជាជនដែលមានចំណាប់អារម្មណ៍នឹងដំណោះស្រាយសេវាហិរញ្ញវត្ថុពីប្រាសាក់ អាចទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 0969 999 911 ឬចូលទៅកាន់ www.prasac.com.kh៕