ដោយៈ រ៉ាណេត
ភ្នំពេញៈ អាជ្ញាធរអគ្គិសនីគ្រោងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីបង្កើតជាបទប្បញ្ញត្តិមួយសម្រាប់ជាការកំណត់ និងគ្រប់គ្រងការប្រើប្រាស់របស់អតិថិជន ដែលរស់នៅក្នុងខុនដូ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០នេះ។

លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីបានមានប្រសាសន៍បញ្ជាក់ ក្នុងសន្និបាតបូកសរុបការងាររបស់ខ្លួននាព្រឹកថ្ងៃទី២៩ មករានេះថា ថ្លៃអគ្គិសនីខ្ពស់សម្រាប់អ្នករស់នៅខុនដូ មានលក្ខណៈស្មុគស្មាញ ពីព្រោះនៅក្នុងវិក័យបត្រអគ្គិសនី ដែលហៅជាទូទៅថា ថ្លៃអគ្គិសនីនោះ វាបានបង្កប់នូវថ្លៃសេវាផ្សេងៗ ដូចជាថ្លៃម៉ាស៊ីនភ្លើងបម្រុង ថ្លៃភ្លើងបំភ្លឺទូទៅថ្លៃសេវាសន្តិសុខ ថ្លៃសេវាអាងហែលទឹក ថ្លៃហាត់ប្រាណ ថ្លៃអនាម័យទូទៅ។ល។
ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ត្រូវសហការគ្នារៀបចំបទប្បញ្ញត្តិមួយ ដើម្បីគ្រប់គ្រងការងារនេះ ដែលគ្រោងឲ្យបានរួចរាល់ក្នុងឆ្នាំ២០២០នេះ។
លោកយឹម វិសិដ្ឋ ក៏បានសង្កត់ធ្ងន់ឱ្យមានការអនុវត្តប្រកបដោយតម្លាភាពទៅលើការអនុវត្តការងារ ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនផងដែរ ដូចជា ការផ្តល់សេវាអគ្គិសនីឲ្យមានគ្រប់គ្រាន់ មានគុណភាព ស្ថិរភាព សុវត្ថិភាព និងភាពអាចទុកចិត្តបាន រួមជាមួយនឹងការអនុវត្តន៍ផែនការបន្ថយថ្លៃ លក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ឲ្យបានជោគជ័យ។

បន្ថែមពីនេះ ត្រូវបន្តសកម្មភាពនានា ដើម្បីផ្តល់ភាពយុត្តិធម៌ក្នុងការវាស់វែង និងការកត់ត្រាថាមពលអគ្គិសនី របស់អ្នកប្រើប្រាស់។ ត្រូវបន្តការត្រួតពិនិត្យ និងចាត់វិធានការណ៍លើបញ្ហាយកថ្លៃលើសកំណត់ ទាំងថ្លៃអគ្គិសនី ថ្លៃចរន្តភ្ជាប់ ប្រាក់កក់ ការបង្ខំឱ្យអ្នកប្រើប្រាស់ទិញខ្សែ ការបំភ័ន្តអ្នកប្រើប្រាស់អំពីកម្លាំងភ្ជាប់អគ្គិសនី ហើយក៏ត្រូវជំរុញការភ្ជាប់ចរន្តដល់បន្ទប់ជួល ផ្ទះជួលឱ្យកម្មករ-កម្មការិនី សិស្ស និស្សិត និងតូបលក់ដូរនៅក្នុងផ្សារផងដែរ៕






