ដោយ ប៊ី
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អតិរេកចរន្តនៃថវិកាជាតិឡើងទៅដល់ ៨ ភាគរយនៃផលទុនជាតិសរុប ខណៈឱនភាពនៃថវិកាជាតិសឹងតែគ្មានក្នុងឆ្នាំ ២០១៩ ធ្វើឱ្យមានការសន្សំច្រើនសម្រាប់រដ្ឋាភិបាល។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ នៅថ្ងៃ ៣០ ខែ មករា ឆ្នាំ ២០១៩ ថា ការគ្រប់គ្រប់ត្រឹមត្រូវនៃការចំណាយរបស់រដ្ឋាភិបាលបានធ្វើឱ្យអធិរេកចរន្តនៃថវិកាជាតិមានកើនឡើង។
លោក វង្សី វិស្សុត បានថ្លែងថា “ការចំណាយរបស់យើងគ្រោងចំណាយត្រឹមតែ ២៥ ភាគរយនៃផលទុនជាតិសរុប។ យើងមិនដែលចំណាយលើសកញ្ចប់ថវិកាទេ វិន័យថវិការបស់យើងគឺគ្រប់គ្រងបានល្អណាស់ ចាយមិនដែលលើស តែរកបានលើសរហូត”។
លោក បានបន្តថា “ដូច្នេះបានជាយើងសល់ថវិកាជាតិបំរុង ហើយក្នុងឆ្នាំ២០១៩ អតិរេកចរន្តឡើងទៅដល់ ៨ ភាគរយនៃផលទុនជាតិសរុបដែលយើងគ្រោងត្រឹមតែ ២ ឬ ៣ ភាគរយនៃផលទុនជាតិសរុប ហើយឱនភាពនៃថវិកាជាតិសឹងតែគ្មានក្នុងឆ្នាំ ២០១៩ ធ្វើឱ្យយើងមានការសន្សំច្រើនសម្រាប់រដ្ឋាភិបាល”។ (អតិរេកចរន្តគឺជាលទ្ធផលវិជ្ជមាននៃផលដករវាងចំណូលចរន្ត និងចំណាយចរន្ត)
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ផលទុនជាតិសរុបកើនឡើងដល់ ២៧ ២២២ លានដុល្លារអាមេរិក។
ជាលទ្ធផលនៃការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចល្អ និងភាពរឹងមាំខាងម៉ាក្រូសេដ្ឋកិច្ច យើងឃើញថា ការប្រមូលថវិកាជាតិក៏មានការល្អប្រសើរគួរឱ្យកក់ក្តៅ។ ចំណូលក្នុងឆ្នាំ ២០១៩ នេះកើនឡើងដល់ ២៥ ភាគរយនៃផលិតសរុបក្នុងស្រុកដែលជាប្រទេសមួយមានចំណូលមធ្យមកម្រិតទាប ប៉ុន្តែមានចំណូលទៅ ២៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកដោយមិនពឹងផ្អែកលើធនធានធម្មជាតិ។

ស្របពេលនេះដែរ លោក វង្សី វិស្សុត ឱ្យដឹងថា “ទុនបំរុងជាតិរបស់កម្ពុជាកើនឡើងជាង ១៧ ពាន់លានដុល្លារ ដែលធានារដល់ការនាំចូលរហូតដល់រយៈពេល ៨ ខែ។ នេះបង្ហាញថាជាក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចមួយដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិយើង”។
ដោយឡែក លោក បានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ នេះ មានទិដ្ឋភាពមួយផ្សេងបន្តិចខុសពីឆ្នាំមុនៗ ដោយសារវិធានការមួយចំនួនធំ ការបែងចែកថវិការបស់យើងគឺផ្អែកទៅលើស្ថានភាពថ្មីៗច្រើន។ ម្ខាងទប់ទល់នឹងសភាពការ ហានិភ័យ ការប្រឈមធំដែលយើងកំពុងជួបប្រទះ ហើយខាងម្ខាងទៀតបន្តអនុវត្តឱ្យមានចីរភាពនៃប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលស្របតាមកញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាល៕






