ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន ថៃ ប៊ុន រ៉ុង គ្រោងសាងសង់អគារពហុមុខងារថ្មីមួយទៀត នៅលើផ្ទៃដីទំហំ ៧២.១១៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខណៈគម្រោងរបស់ក្រុមហ៊ុនផ្សេងៗនៅក្នុងខេត្តមួយនេះបាននឹងកំពុងសាងសង់យ៉ាងសកម្ម។

គម្រោងសាងសងអគារពហុមុខងារថ្មីមួយទៀតរបស់ក្រុមហ៊ុនថៃប៊ុន រ៉ុងនេះ មានឈ្មោះ Star Ocean Bay Views ត្រូវបានឯកភាព និងគាំទ្រដោយកិច្ចប្រជុំ ប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នេះ ដែលសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន។
ក្រៅតែពីបានគំាទ្រចំពោះគម្រោងមួយនេះ អន្តរក្រសួងក៏បានស្នើដល់ម្ចាស់គម្រោងរំលេចរចនាបទខ្មែរខ្លះនៅក្នុងសំណង់អគារ ត្រូវចូលរួមប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវដោយគោរពទៅតាមបទដ្ឋានបច្ចេកទេស និង ត្រូវបញ្ចូលបន្ថែមច្បាប់សំណង់ថ្មីៗ និងគោរពឱ្យបានខ្ជាប់ខ្ជួន។
អន្តរក្រសួងក៏បានជំរុញឱ្យ ម្ចាស់គម្រោង ត្រូវញែកឱ្យដាច់រវាងប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ត្រូវគោរពតាមលក្ខខណ្ឌដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់សម្រាប់ចំណតរថយន្ដ និងត្រូវរៀបចំប្រព័ន្ធការពារសុវត្ថិភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស។

ខេត្តព្រះសីហតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះត្រូវបានរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស នៅក្នុងតំបន់កណ្តាលក្រុងដែលជាទីបណ្តុំនៃសំណង់មណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ ខណៈ បច្ចុប្បន្ននេះ ក្រុងព្រះសីហនុបានចាប់ផ្តើមមានភាពទាក់ទាញសារជាថ្មី ដោយមានកំនើនទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តសារជាថ្មី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ និងការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់លេខ១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ក្នុងចំណោមនេះវិស័យសំណង់មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ គិតចាប់ពីឆ្នាំ២០១៧ដល់ខែធ្នូឆ្នាំ២០១៩ មានចំនួន១,១៣៧គម្រោង មានផ្ទៃក្រឡាសរុប១០,៧៧១,៧២០.៩២ម៉ែត្រក្រឡាស្មើនិងទុនវិនិយោគសរុប ៥,៨៧១,៩៧៦,៩៨៥.៥០ ដុល្លា ៕






