ឥណ្ឌាគ្រោងបង្កើតរោងចក្រកែឆ្នៃដំឡូងមីនៅខេត្តបាត់បងសំរាប់នាំចេញ

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសឥណ្ឌាបាននឹងកំពុងស្វែងរកដៃគូសហការវិនិយោគក្នុងខេត្តបាត់ដំបងដើម្បីបង្កើតរោងចក្រកែឆ្នៃដំឡូងមី ទៅជាម្សៅកំរិតស្តង់ដារខ្ពស់ សំរាប់នាំចេញ ខណៈខេត្តមួយនេះ មានសក្តានុពលខ្ពស់ចំពោះការវិនិយោគ និងជាខេត្តគោលដៅរបស់វិនិយោគិនបរទេស។

នេះ បើយោងតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅក្នុងជំនួបពិភាក្សាការងារ និងស្វែងរកដៃគូរបស់វិនិយោគនៅក្នុងខេត្តបាត់ដំបងរបស់វិនិយោគិនឥណ្ឌាដែលគេហទំព័រ propertyarea.asia ដែលទទួលបាននៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០នេះ។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅលើគម្រោងថ្មីនៃការវិនិយោគក្នុងវិស័យរោងចក្រនេះ ដោយហេតុថា នៅទូទាំងខេត្តបាត់ដំបង់ វិស័យមួយនេះហាក់នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបធៀបជាមួយបណ្តាខេត្តដទៃទៀត។

លោកបន្តថា “ថ្វីដ្បិតខេត្តបាត់ដំបង បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម និងពាណិជ្ជកម្ម ដែលជំរុញឱ្យកម្រិត GDP បានកើន ឡើងដល់ជាង ១៥៥០ដុល្លារក្នុងម្នាក់ក្តី ប៉ុន្តែសម្រាប់វិស័យរោងចក្រកែច្នៃ គឺនៅមានកម្រិតនៅឡើយ ដោយបច្ចុប្បន្ននេះយើងមានតែរោងចក្រផលិតឱសថ រោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រម្សៅមី រួមជាមួយនឹងប្រភេទសិប្បកម្មខ្នាតតូច និងលក្ខណៈគ្រួសារតែប៉ុណ្ណោះ”។

លោក ងួន រតនៈ ក៏បានលើកទឹកចិត្តដល់បណ្តាវិនិយោគិននានា ឱ្យបន្ថែមការវិនិយោគនៅក្នុងវិស័យរោងចក្រនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលខេត្តបាត់ដំបងជាតំបន់ដែលមានសក្ដានុពលលើកត្តាភូមិសាស្ត្រ និងមានហេដ្ឋារចនាសម្ព័ន្ធអនុគ្រោះដល់ការដឹកជញ្ជូនបានយ៉ាងប្រសើរ។

យោងតាមរបាយការណ៍ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការនាំចេញផលផលិតផលកែច្នៃក្នុងនិងក្រៅខេត្តបាត់ដំបងមានចំនួន ៥.៣៩០ តោន ដោយមានរោងចក្រធុនធំ ១៥ មូលដ្ឋាន មានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លាអាមេរិក ។

ដោយឡែកសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ២៤០ មូលដ្ឋាន។

ដំណាំដំឡូងមីគឺជាផលិតផលដ៏មានសក្ដានុពលរបស់ខេត្តបាត់ដំបង បន្ទាប់ពីស្រូវ ប៉ុន្តែដំណាំនេះហាក់ស្ថិតក្នុងដំណាក់កាលអស់សង្ឃឹម ដែលទាមទារឱ្យរួបរួមគ្នារៀបចំ គោលនយោបាយមួយឲ្យបានច្បាស់លាស់ និងទាមទាឱ្យមានការកែច្នៃប្រកបដោយស្តងដារខ្ពស់ ដើម្បីជាប្រយោជន៍ក្នុងការផលិតសម្រាប់បម្រើទីផ្សារទាំងក្នុងនឹងក្រៅប្រទេស។

ខេត្តបាត់ដំបងគឺជាខេត្តមួយរបស់កម្ពុជា ដែលមានសក្តានុពលវិយោគខ្ពស់លើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម បានទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិន និងខេត្តក្រុងមកពីប្រទេសក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍លើកគម្រោងជាច្រើនរួមរោងចក្រ វិស័យកសិកម្ម ទេសចរណ៍ និង សហគ្រាសផ្សេងៗទៀត។

ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានវិនិយោគិនបរទេសជាច្រើនរួមមានមកពីប្រទេសកូរ៉េ បារាំង សង្ហបុរី សាធារណៈរដ្ឋឆែក ប៉ូញឡូញ ជប៉ុន និងចិនជាដើមបានចាប់អារម្មណ៍លើសក្តានុពលវិនិយោគលើខេត្តមួយនេះ ដោយមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការ បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here