ដោយវុត្ថា
ភ្នំពេញៈ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងបន្តអនុវត្តយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលទី២ខាងមុខនេះ បន្ទាប់ពីបញ្ចប់ដំណាក់កាលសាកល្បង នៅក្នុងភូមិព្រះដាក់ ទទួលបានជោគជ័យ១០០ភាគរយហើយ ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០កន្លងមកថា យុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលទី២នេះ គ្រោងរៀបចំធ្វើឡើងនៅទូទាំងឃុំរំចេក ដែលមានចំនួន៣ភូមិ និងមានផ្ទះប្រជាពលរដ្ឋចំនួនជាង៧០០ខ្នង។
លោកបន្តថា “ក្នុងមួយផ្ទះទទួលបានអំពូលសូឡាស្វ័យប្រវត្តិ ដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាមួយការធានាគុណភាពរយៈពេល២ឆ្នាំ រួមទំាងមានបង្គោលដែក និងការតម្លើងចាក់ស៊ីម៉ង់ត៍ ជូនដល់ផ្ទះនីមួយៗ”។
លោកបានបន្តថា រដ្ឋបាលស្រុក បានសហការជាមួយវត្តមួយនៅក្នុងឃុំ ដើម្បីបង្កើតជាបុណ្យផ្កានៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខ ក្នុងគោលបំណងចូលរួមប្រមូលថវិកាសំរាប់ទិញអំពូលបន្ថែមដាក់នៅឃុំបន្តបន្ទាប់ សំដៅធ្វើឲ្យភូមិដ្ឋានមានភ្លើងបំភ្លឺនៅតាមមុខផ្ទះនាពេលរាត្រី ដែលបង្កើនសុវត្ថិភាពក្នុងភូមិ ។
លោកបន្តថា “ជំហានបន្ទាប់នេះ យើងមានផែនការដែលយើង គ្រោងនឹងយកមកធ្វើនេះគឺឃុំរំចេក ក្នុងនោះយើងគ្រោងធ្វើជាបុណ្យផ្កាមួយ ដែលក្នុងនោះគឺព្រះចៅអធិការវត្តទេវៈ គាត់ជាអ្នកចេញមុខជួយរ៉ាប់រងក្នុងការធ្វើបុណ្យផ្កានេះ”។
លោកបន្តថា “បុណ្យនេះនឹងរៃអង្គាសយកថវិកាទាំងអស់ ដែលប្រមូលពីបានសប្បុរសជនទាំងអស់នេះ យកទៅជូនវត្តទេវៈ ហើយវត្តទេវៈ គាត់នឹងធ្វើការប្រគល់ជូនមកឃុំរំចេក ដើម្បីយកទិញអំពូល បំពាក់។ ចឹងយើងរៀបចំបុណ្យផ្កានេះ ដើម្បីឲ្យអ្នកស្រុកទាំងអស់ចូលរួម ទោះបីចូល១ដុល្លារក៏ដោយ ក៏វាជាការចូលរួមដែរ”។
លោកអភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឧបត្ថម្ភទៅតាមលទ្ធភាព ដូចជាការផ្តល់ជូនជាអំពូលទៅដល់ផ្ទះជិតខាង ឬក៏អាចទិញដាក់ផ្ទះដោយរៀងៗខ្លួន និងចូលរូមថែរក្សាឲ្យបានយូរអង្វែង ដើម្បីចូលរួមអនុវត្តយុទ្ធនាការនេះ ដែលនឹងពង្រីកយុទ្ធនាការនេះ ឲ្យបានទូទំាងស្រុកនៅក្នុងឆ្នាំ២០២០នេះ ដែលមានផ្ទះសរុបចំនួនប្រហែល ១ម៉ឺនខ្នង។

យុទ្ធនាការ «ផ្ទះ១អំពូល១» ផ្តើមចេញពីការបំភ្លឺអំពូល នៅតាមផ្ទះនីមួយៗនៅទូទាំងស្រុកបន្ទាយស្រី ខេត្តសៀមរាបចំនួន១ម៉ឺនខ្នង ត្រូវបានចាប់ផ្តើមអនុវត្តជាជំហានដំបូងនៅក្នុងភូមិព្រះដាក់ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២០កន្លងមកនេះ ។
យុទ្ធនាការ «ផ្ទះ១អំពូល១» ដែលជាដំណាក់កាលសាកល្បងរបស់អភិបាលស្រុកបន្ទាយស្រី នេះ បានប្រែក្លាយភូមិជនបទជាភូមិគំរូ និងទទួលបានការស្វាគមន៍ច្រើនពីអ្នកភូមិ។ ការស្វាគមន៍ពីអ្នកភូមិ ព្រោះពួកគាត់យល់ថាយុទ្ធនាការនេះ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ព្រមទាំងមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួនទៀតផង៕








