ដោយ ប៊ី
ភ្នំពេញៈ សហគ្រិនជប៉ុនឈ្មោះ Seiya Ashikari កំពុងប្រើប្រាស់វិស័យទេសចរណ៍ជាឧបករណ៍មួយ ដើម្បីជំរុញវិស័យចិញ្ចឹមចង្រិតនៅកម្ពុជា។

កាលពីខែសីហា ឆ្នាំ ២០១៨ បុរសជប៉ុនវ័យ ២៤ ឆ្នាំរូបនេះ បានឈប់ពាក់កណ្តាលផ្លូវក្នុងការបន្តការសិក្សាជីវវិទ្យា នៅទីក្រុងតូក្យូ ដើម្បីស្ម័គ្រចិត្តលើគម្រោងធ្វើកសិកម្មចង្រិតនៅកម្ពុជា។
លោកAshikari បានឃើញថា ការចិញ្ចឹមសត្វល្អិតគឺជាមធ្យោបាយ ដ៏មានសក្តានុពលមួយ ក្នុងការជំរុញប្រាក់ចំណូលរបស់ប្រជាកសិករ ដែលកំពុងតស៊ូដើម្បីរកប្រាក់ចំណេញ ជាជាងដាំដុះដំណាំប្រពៃណី។
លោកបានបើកដំណើរការគម្រោង Ecologgie ដោយជួយបណ្តុះបណ្តាលកសិករ និងប្រែក្លាយផលិតផលរបស់ពួកគេ ទៅជាម្សៅប្រូតេអ៊ីន ដែលមានមូលដ្ឋានចេញចង្រិត និងអាហារសម្រន់ដែលមានជីវជាតិ។
សត្វល្អិត ដែលងាយស្រួល ក្នុងការចិញ្ចឹមនៅជុំវិញផ្ទះនៅជនបទ ហើយលក់ក្នុងតម្លៃប្រហែល៣ដុល្លារក្នុងមួយគីឡូក្រាម ដោយផ្ទុកទៅដោយជាតិប្រូតេអ៊ីន។
ឥលូវនេះ លោក Ashikari បានចាប់ផ្តើមដំណើរទេសចរណ៍ធ្វើកសិកម្មចង្រិតមួយ និងពីរថ្ងៃនៅខេត្តកំពង់ធំ។ ខេត្តនៅតាមជនបទនេះ មានភាពល្បីល្បាញ ដោយសារការធ្វើកសិកម្មចង្រិត និងជាមជ្ឈមណ្ឌលមួយ ក្នុងចំណោមមជ្ឈមណ្ឌលពីរនៃគម្រោង Ecologgie នាពេលបច្ចុប្បន្ន។ គម្រោងមួយទៀតគឺនៅតាកែវ។

លោក Ashikari មាននិយាយថា “ខ្ញុំចង់ឱ្យអ្នកទេសចរណ៍ ស្វែងយល់អំពីវិស័យការចិញ្ចឹមចង្រិត និងបង្កើនការយល់ដឹងអំពីសត្វល្អិត ដែលជាប្រភពប្រូតេអ៊ីន អាហារប្រកបដោយនិរន្តរភាពនាពេលអនាគត”។
ស្របតាមទស្សនវិស័យរបស់លោក ក្នុងការដាក់ប្រជាជនក្នុងស្រុកជាការងារស្នូលរបស់លោក ដំណើរកម្សាន្តរបស់លោកAshikari ត្រូវបានជំរុញដោយសហគមន៍។ ខណៈពេលដែលអ្នកទេសចរ បានមើលប្រតិបត្តិការរបស់គម្រោង Ecologgie កសិករចង្រិតនៅតាមមូលដ្ឋាន ក៏ណែនាំភ្ញៀវឱ្យស្គាល់ការងាររបស់ពួកគេផងដែរ។ ភ្ញៀវពេញមួយយប់ស្នាក់នៅជាមួយកសិករនៅក្នុងផ្ទះ។
ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីជនបទ ភ្ញៀវអាចមើលឃើញសត្វក្អែក នៅក្នុងព្រៃ ហើយក៏មានឱកាស ដើម្បីអមដំណើរអ្នកប្រមាញ់សត្វអាពីង នៅពេលពួកគេធ្វើដំណើរទៅក្នុងព្រៃដើម្បីស្វែងរកសត្វអាពីង៕ (TTGAsia)






