សម្តេចតេជោៈ ទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈក្រុមហ៊ុនកូរ៉េជាង៣០០កំពុងវិនិយោគ

0

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា បច្ចុប្បន្នទំហំវិនិយោគនៅកម្ពុជាបានកើនឡើងដល់ជាង៤០០០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនកូរ៉េជាង៣០០កំពុងវិនិយោគនៅកម្ពុជា។


សម្តេចបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅសាធារណៈរដ្ឋកូរ៉េនារសៀលថ្ងៃទី៣ មករានេះថា ជាមួយគ្នានេះ ប្រទេសកូរ៉េគ្រោងផ្តល់ហិរញ្ញប្បទានចំនួន៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍កម្ពុជានាពេលខាងមុខផងដែរ។

យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មកូរ៉េ ប្រចាំកម្ពុជាបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២១២ របស់កូរ៉េ ដែលមានទឹកប្រាក់ចំនួន៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនកូរ៉េខាងត្បូងជិត ៣០០បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។

ជារួមការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា សម្រេចបានជាង៣,១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ នេះបើយោងតាមការត្រួតពិនិត្យ ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ប្រទេសចិនមានចំនួន៤១,៣ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់កាលពីឆ្នាំមុន។ នៅលំដាប់ទី២ គឺកូរ៉េខាងត្បូងនៅ៨,១ភាគរយ ខណៈការវិនិយោគរបស់ជប៉ុនកើនឡើង៦,៤ភាគរយ។

លើសពីនេះ រដ្ឋមន្រ្តីរដ្ឋសមាជិកកូរ៉េខាងត្បូង និងអាស៊ាន រួមទាំងកម្ពុជាផងដែរ បានចាប់ផ្តើមពិភាក្សាយ៉ាងខ្លាំងកាលពីឆ្នាំមុនស្តីពី របៀបជំរុញសក្តានុពលទេសចរណ៍រវាងប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងតំបន់ដែលមានប្រជាជនជិត៧០០លាននាក់ និងផលិតផលក្នុងស្រុកសរុបឈានដល់៣ពាន់ពាន់លានដុល្លារ។


ជាមួយគ្នានេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស្តីពី ទេសចរណ៍ក្នុងតំបន់បានឱ្យដឹងថា កូរ៉េខាងត្បូងគ្រោង នឹងចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអាស៊ាន ដើម្បីអនុញ្ញាតឱ្យយុវជនមកពីតំបន់ អាចរីករាយនឹងដំណើរទេសចរណ៍ និងការសិក្សាភាសាក្នុងតំបន់ ខណៈពេលស្នាក់នៅក្នុងប្រទេសកូរ៉េរហូតដល់មួយឆ្នាំ

លោកKo Hyoung-kwon ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំនៅ OECD បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងរៀបចំរចនាសម្ព័ន្ធ ខ្សែសង្វាក់តម្លៃពិភពលោកឡើងវិញ ហើយជាលទ្ធផលប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានពិចារណដាក់ជាមូលដ្ឋានផលិតកម្ម។

គោលនយោបាយថ្មីខាងត្បូង របស់លោកប្រធានាធិបតីMoon Jee In មានគោលបំណងជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here