ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្ថិតក្នុងស្ថានការណ៍ ដែលប្រឈមទៅនឹងឱនភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីបញ្ហាវិបត្តិសាកលជាច្រើននោះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ទល់ជាមួយនឹងស្ថានភាពអាក្រក់ណាមួយដែលអាចនឹងកើតមានឡើង។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានមានប្រសាសន៍ ក្នុងវេទិកាសាធារណៈកាលពីចុងសប្តាហ៍មុនថា នៅក្នុងឆ្នាំ២០២០នេះ ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់ នៅលើសាកលលោក សុទ្ធតែប្រឈមទៅនឹងបញ្ហាឱនភាពនៃវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីកត្តាជាច្រើនដែលកំពុងតែកើមាន ជាពិសេសបញ្ហា៤ធំៗ រួមមានទំនាស់នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាសចសេដ្ឋកិច្ចទាំង២ អាមេរិក–ចិន កត្តាភូមិសាស្ត្រនយោបាយ បញ្ហានៃភាពមិនច្បាស់លាស់ នៃវិបត្តិ មជ្ឈឹមបូព៌ា រួមជាមួយនឹងបញ្ហាកត្តាធម្មជាតិដែលកំពុងតែកើតមាន ជាពិសេសភាពប្រឈមនឹងកូរ៉ូណាវីរុស។
លោកបន្តថា “ភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញថា វិស័យធំៗមួយចំនួនដែលជាចំណែកយ៉ាងសំខាន់ នៅក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច កំពុងជួបឱនភាព ដែលក្នុងនោះរួមមានដូចជា វិស័យសំណង់ វិស័យទេសចរណ៍ រួមជាមួយនឹងការប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA មួយចំនួននៅលើទីផ្សារសហភាពអឺរ៉ុប”។
លោកវង្ស៊ី វិស្សុតបានបន្តទៀតថា សម្រាប់តែវិស័យទេសចរណ៍ បើទេសចរណ៍ធ្លាក់ចុះ ជាពិសេស ទេសចរចិន វានឹងបណ្តាលឱ្យមានផលប៉ះពាល់ជាច្រើន ពោលគឺនៅពេលដែលគ្មានទេសចរចិន វិស័យសណ្ឋាគារនឹងធ្លាក់ចុះ ការផ្គត់ផ្គង់សេវានានា រាប់ទាំងវិស័យដឹកជញ្ជូន ការផ្គត់ផ្គង់ចំណីអាហារ និងសេវាកម្មផ្សេងៗទៀតនឹងជួបបញ្ហា ហើយបញ្ហានៃការធ្លាក់ចុះកំណើនទេសចរចិននេះ មិនមែនប៉ះពាល់តែកម្ពុជានោះទេ ប្រទេសនានានៅលើសាកលលោកក៏ប៉ះពាល់ដូចគ្នា ជាក់ស្ដែងដូចជាប្រទេសថៃបាត់បង់ចំណូលខ្ទង់ពាន់លានដុល្លារ។

លោកបានបន្តទៀតថា “ការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន បានបង្កផលប៉ះពាល់ជាសាកល ដោយសារតែចិន គឺជាប្រទេសមហាអំណាចពាណិជ្ជកម្ម ដែលប្រទេសជាច្រើនលើសាកលលោកចាប់ដៃរកស៊ីជាមួយ ដូច្នេះវាក៏ជាបញ្ហាសាកលលោកដែរ”។
ដោយឡែកពាក់ព័ន្ធទៅនឹងភាពប្រឈម និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ពេលនេះជាលទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការណ៍គឺថា សហគមន៍អឺរ៉ុបគេបានដកពន្ធលើការនាំចេញសម្លៀកបំពាក់ចំនួន ២០ភាគរយ ហើយការនាំចេញស្បែកជើងចំនួន ៣០ភាគរយ ប៉ុន្តែការនាំចេញទៅកាន់អាមេរិកមានការកើនឡើង។
លោកបន្តថា ទោះជាស្ថិតនៅក្នុងស្ថានការណ៍បែបណា រាជរដ្ឋាភិបាលក៏បានត្រៀមខ្លួន ជាមួយនឹងផែនការបម្រុងរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងស្ថានការណ៍អវិជ្ជមានណាមួយដែលអាចនឹងកើតឡើង ហើយបើវាមិនកើតឡើងទេ ក៏នឹងក្លាយជាយុទ្ធសាស្ត្រថ្មីមួយទៀតសម្រាប់អនុវត្តដើម្បីរក្សាលំនឹងសេដ្ឋកិច្ចឱ្យកាន់តែល្អ៕






