ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា តម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ២ នឹងបន្តកើនឡើង ក្រោយពីរដ្ឋភិបាលកម្ពុជាបើកការដ្ឋានសាងសង់នៅអាទិត្យក្រោយនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្រីតាំង ហួរ នាយិការក្រុមហ៊ុនAmatak Property Sevice នៅថ្ងៃទី ៣ ខែកុម្ភៈកន្លងមកថា វាជារឿងធម្មតាទៅហើយ នៅពេលដែលមានផ្លូវកាន់តែល្អ តំលៃអចលនទ្រព្យនៅតាមផ្លូវនោះ កាន់តែមានកើនឡើងទៅតាមទីកន្លែង និងតំបន់នោះ។
លោកស្រីថា “ផ្លូវជាតិលេខ២ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរទៅកាន់តែព្រលានយន្តហោះអន្តរជាតិថ្មី ដែលនៅខេត្តកណ្តាល និងតាកែវ” ។លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះជាតិលេខ២ ផ្តល់នៅសារសំខាន់ក្នុងការដឹកជញ្ជូន ឬធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត និងកែបដែលជាខេត្តមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍”។
លោកស្រីបន្ថែមថា តំលៃអចលនទ្រព្យនៅតាមផ្លូវជាតិលេខ២ គឺមានតម្លៃខុសគ្នា ទៅតាមតំបន់ និងទំហំដី ដោយកន្លែងខ្លះ គឺមានតំលៃចាប់ពីក្បែរ១០០ ដល់ជិត៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រកូរ៉េ ហើយវានឹងបន្តកើនឡើងថែមទៀត ក្រោយមានផ្លូវកាន់តែស្អាត។
ទោះជាយ៉ាងណាលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាមិនសូវមានសុទិដ្ឋិនិយមខ្ពស់នោះទេ ដោយលោកបានមានប្រសាសន៍ឱ្យដឹងថា បើទោះបីការពង្រីកផ្លូវជាតិលេខ២រួច ក៏តំលៃអចលនទ្រព្យនៅតាមផ្លូ មិនឡើងថ្លៃខ្លាំងនោះទេ ដោយសារវាមានជាផ្លូវចាស់ តែបើធ្វើផ្លូវថ្មីវានឹងឡើងកាន់តែខ្លាំង។
លោកបន្តថា “ទោះបីតម្លៃអចលនទ្រព្យកើនឡើង វានឹងឡើងបន្តិចបន្តួចប៉ុណ្ណោះ តែបើមានគម្រោពាណិជ្ជកម្មធំៗបាញ់ឆ្ពោះទៅនោះច្រើន វានឹងកើនឡើងលឿន ជាពិសេសនៅតំបន់ដែលនៅជាយក្រុងភ្នំពេញ”។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងនូផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
![]()
ផ្លូវជាតិលេខ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ មានប្រវែងសរុបចំនួន៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។
គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាប្រមាណ៤៥លានដុល្លារអាមេរិក។
ចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់ មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា៤គន្លង៕





