ដោយៈ រ៉ាណេត
ភ្នំពេញៈ ទំហំទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាមានចំនួនសរុប ៣៤,៨ ទ្រីលានរៀល ស្មើនឹង ៨,៥ ពាន់លានដុល្លារ ដោយក្នុងនោះប្រាក់កម្ចីសរុបមាន ២៩,៤ ទ្រីលានរៀល ស្មើនឹង ៧,២ ពាន់លានដុល្លារ ផ្តល់កម្ចីដល់អតិថិជនចំនួន ២,១លាននាក់។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក ស៊ុ សន្និសិទ្ធបានមានប្រសាសន៍ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅខេត្តមណ្ឌលគីរី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា ដើរតួជាសារវ័ន្ត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពិសេសការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ប៉ុន្តែទោះបីជាបច្ចុប្បន្នវិស័យនេះ ទទួលបានការរីកចម្រើនគួរជាទីមោទនៈមែន ក៏មានជនឱកាសនិយមមួយចំនួន បានយកវិស័យនេះជាឧបករណ៍ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៏ហិរញ្ញវត្ថុ និងនយោបាយ។
កន្លងមកនេះការបោកប្រាស់ របស់ជនខិលខូចនេះ បានធ្វើឲ្យកូនបំណុលធ្លាក់ ក្នុងគ្រោះអាសន្នរើមិនរួចហើយ ធ្វើឲ្យគ្រួសារខ្លះព្រាត់ប្រាស់ និងហិនហោចទ្រព្រសម្បត្តិ។ ដូចនេះអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវចូលរួម សហការគ្នាអនុវត្តច្បាប់ និងចាត់វិធានការចំពោះជនឆ្លៀតឱកាសមួយចំនួន ដែលប្រើរូបភាពឲ្យខ្ចីប្រាក់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីបង្កើនលទ្ធភាព ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព និងមានការគ្រប់គ្រងពីច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់ ដើម្បីអាចឲ្យប្រជាពលរដ្ឋពុំទទួលបាន ឬកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ឲ្យងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងប្រព័ន្ធដែលមានការត្រួតពិនិត្យត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោហ៊ុន សែន បានយកចិត្តទុកដាក់ ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសមស្រប និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ តាមរយៈការកំណត់គោលដៅ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសំដៅឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។
លោកបានបន្តថា “បរិយាប័ន្នហិរញ្ញវត្ថុនេះ ដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា”។ លោកបន្តថា “បច្ចុប្បន្ននេះប្រជាពលរដ្ឋពេញវ័យ នៅកម្ពុជាដែលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ មានកម្រិតប្រមាណ៥៩ភាគរយ ក្នុងនោះ១៧ភាគរយ ផ្តល់ដោយគ្រឹះស្ថានធនាគារ៤២ ភាគរយ ផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់”។
លោកបន្ថែមថា ដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋនៅមានកម្រិតបូកផ្សំ នឹងកត្តាប្រាក់ចំណូល និងទីកន្លែងស្នាក់នៅដាច់ស្រយាល ប្រជាពលរដ្ឋពេញវ័យ ដែលពុំបានទទួលសេវាហិរញ្ញវត្ថុ ឬកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅតែមានកម្រិតខ្ពស់រហូតដល់៤១ភាគរយ ដែលនេះជាក្ដីកង្វល់មួយ ហើយធនាគារជាតិនៃកម្ពុជា ត្រូវគិតគូរដោះស្រាយ តាមរយៈការអប់រំតាមគ្រប់រូបភាព រួមទាំងសិក្ខាសាលាដូចពេលនេះផងដែរ៕






