ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា

0

ដោយម៉ាណេត

ភ្នំពេញៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអ៊ីន សន្យាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា នឹងជំរុញអ្នកវិនិយោគកូរ៉េខាងត្បូង មកបណ្តាក់ទុន នៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ការសន្យារបស់លោក ម៉ូន ជេអ៉ីន ត្រូវបានធ្វើឡើងនៅក្នុងជំនួបស្វាគមន៍ និងពិ​ភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីក្រុងសេអ៊ូល ទីដែលសម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០របស់អង្គការសហព័ន្ធសន្តិភាពសកល។

លោកមូន ជេអ៉ីន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេចតេ​ជោហ៊ុន សែន។ វត្តមានរបស់សម្តេចតេជោ នៅចំពេលមានព្រិលធ្លាក់ ជាហេតុនាំឱ្យ​លោក មូន ចាត់ទុកវត្តមានសម្តេចតេជោជាភ្ញៀវដ៏ពិសេសសម្រាប់លោក។

លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី បានកត់សម្គាល់ពីការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដំណាក់ដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន។

ក្រៅពីការគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងហើយនោះ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់លោកប្រធានាធិបតីកូរ៉េ ជំរុញអ្នកវិនិយោគកូរ៉េខាងត្បូងមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

ឆ្លើយតបសំណើនេះ លោកប្រធានាធិបតី មូន ជេអ៉ីន បានសន្យាប្រឹងប្រែងជំរុញអ្នកវិនិយោគរបស់ខ្លួនមកកម្ពុជា ជាពិសេសចាប់ឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូង ដែលចុះបញ្ជីទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ២១៥គម្រោង ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមាន១២៣គម្រោងវិនិយោគ លើរោងចក្រជាមួយទុនវិនិយោគ៤៨៦លានដុល្លារ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here