ដោយៈ រ៉ាណេត
កូរ៉េខាងត្បូងៈ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋាភិបាលកូរ៉េខាងត្បូងជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅកម្ពុជា ដូចគ្នាទៅនឹងស្ពានជំនួយរបស់រដ្ឋាភិបាលចិន និងជប៉ុននៅពេលបច្ចុប្បន្ននេះ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអ៊ីនកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងរបស់សម្តេច ដែលចង់ឃើញមានវត្តមានស្ពានកូរ៉េខាងត្បូង ស្ថិតនៅលើទឹកដីកម្ពុជា ដូចទៅនឹងស្ពានរបស់ចិន និងជប៉ុន នាពេលបច្ចុបន្ននេះដែរ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានបញ្ជាក់ក្រោយកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅប្រទេសកូរ៉េខាងត្បូងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ចង់ឃើញស្ពានរបស់កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះ គឺសម្តេចតេជោចង់ឃើញ ដោយសារតែប្រទេសចិន ជប៉ុន បានជួយសាងសង់ស្ពាននៅក្នុងប្រទេសកម្ពុជា ហើយសម្តេចក៏ចង់ឃើញស្ពាន ដែលធ្វើដោយប្រទេសកូរ៉េ នៅប្រទេសកម្ពុជាផងដែរ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ។ ក្នុងន័យនេះសម្តេច ក៏បានស្នើឱ្យកូរ៉េពិចារណាក្នុងការសាងសង់ស្ពាន នៅពេលខាងមុខនេះ”។
ទោះជាយ៉ាងណាលោកៅ កឹមហួនមិនបញ្ជាក់ថា ភាគីកូរ៉េនឹងឆ្លើយតបសំណើរសម្តេច ដើម្បីជួយសាងសង់ស្ពានឬអត់នៅឡើយទេ។
ជាការឆ្លើយតប លោកប្រធានាធិបតីកូរ៉េ បានអះអាងថា លោកនឹងខិតខំជំរុញឱ្យក្រុមហ៊ុនកូរ៉េ មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយនឹងចាប់យកឱកាសនៃកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកប្រធានាធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រគោលការណ៍ទាំង៣ របស់រដ្ឋាភិបាលកូរ៉េ ពិសេសគឺការប្រែក្លាយឧបទ្វីបកូរ៉េ ជាតំបន់សន្តិភាព។ នេះបើតាមប្រសាសន៍របស់ លោក កៅ គឹមហួន៕






