ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី គ្រោងបោះទុនវិនិយោគលើការដាំដុះឫស្សី សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអារ៉ាប់។

លោក THUREING AUNG ក្រុមហ៊ុន Unique Worldwide នៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា ក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។
លោកបន្តថា “គម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើ ដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ”។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ បានស្វាគមន៍ និងគាំទ្រ ចំពោះទស្សននិស័យរបស់ក្រុមហ៊ុនវិនិយោគដាំឫស្សី និងចិញ្ចឹមចៀម ព្រោះថាកម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុង ការដាំដុះក៏ល្អប្រសើរ ប៉ុន្តែយើងនៅមិនទាន់ប្រើប្រាស់ធនធាន ឫស្សីឱ្យអស់សក្តានុពលរបស់វា។

លោករដ្ឋមន្ត្រីបន្តថា គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមានតម្លៃបន្ថែមទ្វេឡើង និងជាពិសេសនឹងធ្វើការទាក់ទាញផលិតកម្មឫស្សី ឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី និងការចិញ្ចឹមសត្វ បង្កើតការងារបណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។
លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕






