តើកំពូលមហាសេដ្ឋី Bill Gates បរិច្ចាគថវិកាប៉ុន្មានលានដុល្លារ ក្នុងការចូលរួមប្រយុទ្ធនឹងវិបត្តិសុខភាពសកលលោក វីរុសកូរ៉ូណា?

0

ដោយ ហ្សូលី

អាមេរិក៖ មូលនិធិរបស់កំពូលមហាសេដ្ឋីលើពិភពលោក Bill Gates បានប្រកាសថា នឹងបរិច្ចាគថវិការាប់លានដុល្លារ ដើម្បីចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា។
នេះបើតាមការផ្សាយរបស់ទស្សនាវដ្តីអាមេរិក Forbes កាលពីថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ ២០២០ ថ្មីៗនេះ។

ទឹកប្រាក់ដែលមូលនិធិរបស់កំពូលមហាសេដ្ឋីនេះបានប្រកាសបរិច្ចាគនោះ គឺមានចំនួនប្រមាណ ១០០លានដុល្លារ។ នេះមិនមែនជាលើកទី មួយនោះទេដែលលោក Bill gates បានបរិច្ចាគ ដែលកាលពីចុងខែមករាកន្លងទៅ នៅពេលមានការផ្ទុះពីវីរុសកូរ៉ូណានេះ លោកក៏បានបរិច្ចាគទឹកប្រាក់ ១០លានដុល្លារ។

លោក Bill Gates គឺជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីដទៃទៀតដូចជា ស្ថាបនិកក្រុមហ៊ុន Alibaba Jack Ma និងប្រធានក្រុមហ៊ុន Louis Vuitton លោក Bernard Arnault ជាដើម តាំងតែពីមានមនុស្សប្រមាណ ៥០០នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានេះ ហើយបច្ចុប្បន្នមានអ្នកស្លាប់ដល់ទៅរាប់ពាន់នាក់។

ក្នុងចំនោមថវិកាសរុប ១០០លានដុល្លារ ទឹកប្រាក់ប្រមាណ ២០លានដុល្លារនឹងត្រូវជំនួយទៅកាន់ភ្នាក់ងារធំៗដូចជា អង្គការសុខភាពពិភពលោក World Health Organization (WHO) និង មជ្ឈមណ្ឌលអាមេរិកដើម្បីគ្រប់គ្រងជម្ងឺ U.S Center for Disease Control (CDC) ដើម្បីជួយដល់ការរុករកស្រាវជ្រាវ ការទប់ស្កាត់ និងការព្យាបាល។

ថវិកាចំនួន ២០ លានដុល្លារផ្សេងទៀតនឹងជួយបង្កើនការការពារសម្រាប់ប្រជាជនដែលប្រឈមនឹងហានិភ័យនៅទ្វីបអាហ្វ្រិកនិងអាស៊ីខាងត្បូង។ ថវិកាទាំងអស់នេះ នឹងជួយដល់អាជ្ញាធរសុខាភិបាលសាធារណៈពង្រឹងមណ្ឌលសង្គ្រោះបន្ទាន់អនុវត្តកិច្ចប្រឹងប្រែងតាមដានជំងឺប្រកបដោយប្រសិទ្ធភាពនិងបង្កើនសមត្ថភាពព្យាបាល។

រីឯថវិកា ៦០ លានដុល្លារដែលនៅសល់នឹងឆ្ពោះទៅរកការអភិវឌ្ឍវ៉ាក់សាំងការព្យាបាលនិងការធ្វើរោគវិនិច្ឆ័យរយៈពេលយូរអង្វែងសម្រាប់ការត្រួតពិនិត្យនិងការការពារប្រកបដោយចីរភាពដើម្បីការពារមេរោគមិនឱ្យរីករាលដាល។

នាយកប្រតិបត្តិនៃមូលនិធិហ្គេត លោក Mark Suzman បានមានប្រសាសន៍ថា អង្គការពហុភាគីរដ្ឋាភិបាលជាតិវិស័យឯកជននិងសប្បុរសជនត្រូវតែធ្វើការរួមគ្នាដើម្បីបន្ថយល្បឿននៃការផ្ទុះឡើងក្នុងការជួយប្រទេសនានាការពារពលរដ្ឋដែលងាយរងគ្រោះបំផុត និងពន្លឿនការអភិវឌ្ឍឧបករណ៍ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

ក្តីសង្ឃឹមរបស់យើងគឺថា ធនធានទាំងនេះនឹងជួយជំរុញការឆ្លើយតបជាអន្តរជាតិយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here