ដោយ ហ្សូលី
ភ្នំពេញ៖ កម្ពុជារកបានចំណូលប្រមាណជាជិត ៤០០លានដុល្លារអាមេរិកពីការនាំចេញកៅស៊ូធម្មជាតិជិត ៣០ម៉ឺនតោន កាលពីឆ្នាំ ២០១៩។ នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅព្រឹកថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០២០នេះ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឧស្សាហកម្មកៅស៊ូធម្មជាតិគឺជាវិស័យកសិកម្មមួយដែលដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ កៅស៊ូធម្មជាតិផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ជួយកាត់បន្ថយនៅភាពក្រីក្រក្នុងប្រទេស កាត់បន្ថយអត្រាធ្វើចំណាកស្រុក ជាដើម។
មិនតែប៉ុណ្ណោះ ក៏បានជម្រុញដល់ការអភិវឌ្ឍន៍កៅស៊ូឱ្យមានភាពជោគជ័យតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ ២០១១-២០២០ផងដែរ។
ទន្ទឹមនេះ កៅស៊ូធម្មជាតិមានមុខងារពិសេសដទៃទៀតដូចជា ការផ្តល់ឈើសម្រាប់ប្រើប្រាស់ជាឈើឥន្ធនៈ ចូលរួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារហូរច្រោះដី និងជាគម្របព្រៃឈើយ៉ាងសំខាន់។
រដ្ឋមន្ត្រីរូបនេះបានសង្កត់ថា ដើម្បីបញ្ជូនបច្ចេកវិទ្យាថ្មីក្នុងខ្សែសង្វាក់ផលិតកម្ម និងទាក់ទាញការវិនិយោគកៅស៊ូធម្មជាតិនេះបន្ថែមទៀត អគ្គនាយកដ្ឋានកៅស៊ូ ត្រូវខិតខំបំពេញតួនាទី ស្វែងរកដំណោះស្រាយបែបណាសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍កៅស៊ូ ប្រតិបត្តិករកៅស៊ូ សមាគមដាំដុះកៅស៊ូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ប្រកបដោយចីរភាព ប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបញ្ចេញមតិណែនាំមួយចំនួនក្នុងគោលបំណងដើម្បីឱ្យអភិវឌ្ឍន៍វិស័យកៅស៊ូឱ្យមានការរីកចម្រើន សមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច សាកលភាវូបនីយកម្ម ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ដែលក្នុងនោះមានដូចជា៖
-ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំកៅស៊ូ បន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុនប្រតិបត្តិករ ដៃគូអភិវឌ្ឍន៍ ធនាគារ និងសមាគមកៅស៊ូ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ ជាពិសេសជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងការអនុវត្តច្បាប់។
-រៀបចំបច្ចេកទេសឱ្យបានសមស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន ពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមកៅស៊ូគ្រួសារ បន្តកៀរគរប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍។
គួរបញ្ជាក់ថា តម្លៃកៅស៊ូជាមធ្យមគឺ ១,៣៣៦ ដុល្លារក្នុង១តោន ដែលបច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៦,១៤២ ហិកតា៕







