ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញប្លង់ម្រោងសាងសង់ផ្លូវថ្មី អមសងខាងផ្លូវរថភ្លើងចាប់ពីមហាវិថី គីម អ៊ីលស៊ុង ដល់មហាវិថី ឈ្នះ ឈ្នះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើមហាវិថីសហព័ន្ឋរុស្សី។
យោងតាម មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានចុះផ្សាយនៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា ផ្លូវថ្មីនេះក៏បានតភ្ជាប់ចរាចរពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចេញចូលរាជធានីភ្នំពេញផងដែរ។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះបានចុះសិក្សាគម្រោងសាងសង់ផ្លូវអមសងខាងរថភ្លើង ចាប់ពីស្ថានីយ៍រថភ្លើងដើមទី ក្នុងសង្កាត់ស្រះចក ទៅដល់រ៉ារថភ្លើងសំរោង ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា ការធ្វើផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទើបអាចដំណើរការបាន។
លោកបន្តថា “បញ្ហាចម្បងក្នុងការធ្វើផ្លូវ គឺផលប៉ះពាល់ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ នឹងមានគម្រោងដោះស្រាយ ដោយសារលោកបានរៀបចំអស់ហើយ”។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យដឹងដែរថា បច្ចុប្បន្នផ្លូវសហព័ន្ធរុស្ស៊ីមានការកកស្ទះយ៉ាងខ្លាំង ហេតុនេះបើមានផ្លូវអមសងខាងរថភ្លើង ហើយតភ្ជាប់រហូតដល់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ប្រយោជន៍នេះនឹងបានទៅលើប្រជាពលរដ្ឋធំធេងណាស់៕






